(បរទេស)៖ រឿង «Squid Game: The Challenge» គឺជាការចូលរួមហ្គេមពិតៗ ដោយមនុស្សចំនួន ៤៥៦នាក់ មកពីជុំវិញពិភពលោក ដែលផ្អែកលើខ្សែភាពយន្តកូរ៉េដ៏ពេញនិយម «Squid Game» ដើម្បីឈ្នះរង្វាន់បានប្រាក់ ៤.៥៦លានដុល្លារ។ តែយ៉ាងណានាពេលថ្មីៗនេះ ក្រុមហ៊ុនច្បាប់អង់គ្លេស Express Solicitors បានប្រកាសកាថា ខ្លួនតំណាងឲ្យបេក្ខជន២នាក់ ដែលចូលរួមក្នុងការលេងហ្គេមរបស់ Netflix «Squid Game: The Challenge» កំពុងទាមទារសំណង សម្រាប់ការរងរបួសនានា ត្បិតបេក្ខជនទាំងពីររូបនោះ បានរងទុក្ខក្នុងអំឡុងពេលថតកម្មវិធីនេះ កាលពីខែមករាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់សារព័ត៌មាន Express Solicitors បាននិយាយថា «បេក្ខជនបានអះអាងថា ពួកគេបានរងរបួសដូចជាអាកាសធាតុចុះត្រជាក់ខ្លាំង និងការខូចខាតសរសៃប្រសាទ ព្រោះតែស្តង់ដារសុខភាព និងសុវត្ថិភាពមិនបានកំណត់»។ លោក Daniel Slade នាយកប្រតិបត្តិនៃក្រុមហ៊ុន Express Solicitors បានបន្ថែមថា «យើងបានផ្ញើលិខិតទាមទារជំនួសឲ្យបេក្ខជន ដែលរងរបួសទៅកាន់អ្នកផលិតកម្មវិធីនេះ...»

ក្រុមហ៊ុនផលិតត្រូវធានាថា ស្តង់ដារសុខភាព និងសុវត្ថិភាព ក្នុងការបង្ហាញរបស់ពួកគេ មិនធ្វើឲ្យមនុស្សប្រឈមនឹងគ្រោះថ្នាក់ឡើយ។ ផ្អែកលើរឿងភាគកូរ៉េដ៏ល្បី, កម្មវិធី «Squid Game: The Challenge» មានអ្នកលេងចំនួន ៤៥៦នាក់ ប្រកួតប្រជែងគ្នា ដើម្បីទទួលបានរង្វាន់ ៤.៥៦លានដុល្លារអាមេរិក។ ការប្រកួតប្រជែងនេះ បានចាក់ផ្សាយវគ្គដំបូង ថ្ងៃទី២២ ខែវិច្ឆិកា ជាមួយនឹងការចេញផ្សាយវគ្គមួយទៀត នៅថ្ងៃទី២៩ ខែវិច្ឆិកា។

ទោះជាបែបនេះក្តី ចំពោះលិខិតទាមទារសំណងនេះ នៅមិនទាន់មានការឆ្លើយតបណាមួយពីក្រុមហ៊ុន Netflix ឡើយ។ ថតនៅចក្រភពអង់គ្លេសរឿង «Squid Game: The Challenge» នឹងមាន១០ភាគ ដោយមានបេក្ខជនត្រូវជម្រុះនៅគ្រប់ហ្គេម។ ជុំវិញការថតរឿងនេះ កាលពីដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុន Netflix បានបដិសេធការចោទប្រកាន់ថា ហ្គេមនៅលើ «Squid Game: The Challenge» មានគ្រោះថ្នាក់ ប៉ុន្តែជាក់ស្តែង គឺមិនដូច្នោះទេ ហើយនៅទីបំផុត រឿងនេះក៏ផលិតបានជោគជ័យ និងកំពុងចាក់បញ្ចាំងលើ Netflix៕