(បរទេស)៖ «Wish» ភាពយន្តគំនូរជីវចលបែបវេទមន្តថ្មី គឺជាស្នាដៃថ្មីចុងក្រោយរបស់ផលិតករ និងប្រធានផ្នែកច្នៃប្រឌិតគំនូរជីវចលរបស់ Disney គឺអ្នកស្រី Jennifer Lee (ជេនីហ្វើ លី) ដែលជាអ្នកនិពន្ធ និងដឹកនាំភាពយន្តដ៏ល្បីល្បាញ «Frozen»។ ខ្សែភាពយន្តថ្មីនេះ ត្រូវបានបញ្ចេញឡើង ដើម្បីជាការអបអរសាទរខួបគម្រប់១០០ឆ្នាំ របស់ក្រុមហ៊ុន Disney ដែលមានសាច់រឿង  រំឭកអតីតកាល និងបច្ចុប្បន្ននៃពិភពវេទមន្តរបស់ Disney ផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters។

ខ្សែភាពយន្តថ្មីនេះ គឺចាក់បញ្ចាំងក្នុងរោងកុន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈរឿងនេះប្រៀបដូចជាចំណងដៃពិសេសសម្រាប់ខួប១០០ឆ្នាំរបស់ក្រុមហ៊ុន Walt Disney Studios ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៣ នៅទីក្រុងហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា ដោយបងប្អូនប្រុស Walt និង Roy O. Disney និងបានក្លាយជាស្ទូឌីយោគំនូរជីវចលធំ និងចំណាស់ជាងគេបំផុតរបស់ពិភពលោក។

គួរជម្រាបថា ចូលរួមបញ្ចូលសំឡេងដោយតារាសម្ដែង Ariana DeBose (អារីអាណា ដេបូស) ជាតួឯកស្រីឈ្មោះ Asha (អាស្ហា) និងតារាសម្ដែង Chris Pine (គ្រីស ផាញ) ជាតួអង្គស្ដេចនៃអាណាចក្រ Rosas (រ៉ូសា) ភាពយន្តនេះមានសាច់រឿងរៀបរាប់ពីក្មេងស្រីឈ្មោះ Asha ដែលបានបួងសួងជាមួយផ្កាយសំណាងសុំឱ្យមានថាមពលវេទមន្តដើម្បីជួយសង្គ្រោះអាណាចក្ររបស់ខ្លួនពីកណ្ដាប់ដៃស្ដេចដ៏អាក្រក់៕