(ភ្នំពេញ)៖ ក្រុមកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយមាស៣ និងសំរឹទ្ធ ២គ្រឿងទៀត សម្រាប់ថ្ងៃទី៤ នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក (7th World Vovinam Championship) លើកទី៧ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្រាប់មេដាយ ៥គ្រឿងខាងលើ កីឡាការិនី ប៉ាល់ ឆរស្មី ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសាមេគុនកាំបិតធំឯកត្តជននារី និងកីឡាការិនី ជុក សុម៉ាលី ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម។ រីឯមេដាយមាស ១គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាមេគុនក្រុមបុរស ៤នាក់ ដែលមានកីឡាករ ម៉េត សារី, អ៊ឹម ឡាំងឈុង, នី ទីហ្សា និង ម៉ែន សុខវិច្ចិកា។

ចំណែកមេដាយសំរឹទ្ធវិញ កីឡាករ ម៉ែន សុខវិច្ឆិកា ដណ្ដើមបានមេដាយសំរឹទ្ធ១ លើវិញ្ញាសាមេគុនឯកត្តជនបុរស គ្រាដែល ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ ជិន ពិសិដ្ឋ និង ម៉េត សុភ័ក្ដ្រា លើវិញ្ញាសាមេគុនកាំបិតបុរស ២នាក់។

បច្ចុប្បន្នក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ១៧គ្រឿង ក្នុងនោះមានមេដាយមាស ៥ ប្រាក់ ៣ និងសំរឹទ្ធ ៩ ស្របពេលការប្រកួតនៅសល់ ២ថ្ងៃទៀត ទើបបញ្ចប់។ នេះបើតាមការឲ្យដឹងពីលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានប្រតិភូដឹកនាំអត្តពលិកកម្ពុជាចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកឆ្នាំនេះ៕