(បររទេស)៖ ដំណឹងផ្លូវការពីក្រុមហ៊ុនផលិតស្មាតហ្វូនចិន OnePlus បានបង្ហើបថា កំពូលស្មាតហ្វូនជំនាន់ចុងក្រោយ OnePlus 12 នឹងចេញលក់ជាសកលនៅថ្ងៃទី២៤ មករា ឆ្នាំ២០២៥ ខាងមុខ ខណៈការចេញលក់នេះនឹងយឺតជាងទីផ្សារចិនជាង ១ខែឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍មុនបានឱ្យដឹងថា OnePlus 12 នឹងត្រៀមប្រកាសបង្ហាញនៅក្នុងទីផ្សារប្រទេសចិននៅថ្ងៃទី០៤ ខែធ្នូ ហើយព្រឹត្តិការណ៍នេះ នឹងរៀបចំក្នុងពិធីអបអរគម្រប់ខួប ១០ឆ្នាំរបស់ក្រុមហ៊ុនស្រាប់តែម្តង។

OnePlus 12 ត្រូវបានគេរំពឹងថានឹងមានការធ្វើបច្ចុប្បន្នភាពរូបរាង ក៏ដូចជាមុខងារច្រើនជាងម៉ូដែល OnePlus 11 ជំនាន់មុន។ វាមានពាក្យចចាមអារ៉ាមថានឹងបំពាក់ដោយបន្ទះឈីប Snapdragon 8 Gen 3 របស់ក្រុមហ៊ុន Qualcomm នឹងមានអេក្រង់ទំហំ ៦.៨២ អ៊ីញ ប្រភេទ LTPO OLED ជាមួយនឹងអត្រា refresh rate 120Hz ខណៈដែលទំហំ RAM នឹងបន្ថែមដល់ 24GB (ជីហ្គាបៃ) និង ទំហំផ្ទុករហូតដល់ 1TB (តេហ្គាបៃ)។ លើសពីនេះទៅទៀត OnePlus 12 នឹងត្រូវបានបំពាក់ដោយថាមពលខ្លាំង 5400mAh (មីលីអំពែម៉ោង) ជាមួយនឹងការសាកថ្មលឿនរហូតដល់ 100W (វ៉ាត់) ឯណោះ។

គួររំលឹកដែរថា ក្រុមហ៊ុន OnePlus ត្រូវបានបង្កើតឡើងដោយលោក Carl Pei (បច្ចុប្បន្នជា CEO ប្រចាំក្រុមហ៊ុន Nothing) និងលោក Pete Lau ហើយត្រូវបានបើកដំណើរការឧស្សាហកម្មផលិតស្មាតហ្វូនរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៣ មកម្លេះ៕