(ដកម៉ាន់)៖ ក្រុមបាល់ទាត់ Borussia Dortmund បានឈ្នះកៅអី១ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League ដូច Bayern Munich ដែរហើយ នៅពេល Paris St. Germain និង Newcastle United បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១។

ក្រុមមកពីលីគកំពូលអាល្លឺម៉ង់ Bundesliga ខាងលើនេះ បានបន្ថែម ៣ពិន្ទុ តាមរយៈយកឈ្នះម្ចាស់ផ្ទះ AC Milan របស់អ៊ីតាលី ៣-១ នៅនារាត្រីឆ្លងចូលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃវគ្គសន្សំពិន្ទុលើកទី៥ ប្រចាំពូល F ដោយរកបាន ១០ពិន្ទុឈរនៅកំពូលតារាងដាច់ផងដែរ។

សម្រាប់ ១ប្រកួតចុងក្រោយទល់នឹង PSG នាថ្ងៃទី១៤ ខែធ្នូចុងឆ្នាំនេះ Dortmund ត្រូវការតែស្មើ ដើម្បីបញ្ចប់ក្នុងតំណែងកំពូលតារាងប្រចាំពូល F ដើម្បីគេចចេញពីការជួបក្រុមខ្លាំង ពីក្នុងការចាប់ឆ្នោតសម្រាប់វគ្គ ១៦ក្រុម។

Dortmund បាននាំមុខដាច់ ៣ពិន្ទុពីក្រុមលេខ២ PSG នៅពេលក្រុមជើងឯកបារាំងបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅ Parc des Princes ទល់នឹងក្រុមអង់គ្លេស Newcastle United ដែលធ្វើឱ្យទាំង ៣ក្រុមរួមមាន PSG, AC Milan និង Newcastle ប្រជែងគ្នាបន្តទៀតសម្រាប់ ១កៅអីដែលនៅសល់ ស្របពេលក្រុមលេខ៣ ក្នុងពូលត្រូវធ្លាក់ទៅលេងពានកម្រិតទី២ UEFA Europa League ជាបន្តទៀតដែរ៕