(សៀមរាប)៖ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤(The 4th World Kun Khmer Championship) ឆ្នាំ២០២៣ នៅទឹកដីអង្គរ ខេត្តសៀមរាប បានបញ្ចប់ដោយរលូន និងជោគជ័យ ទាំងការរៀបចំ បច្ចេកទេស និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ខណៈម្ចាស់ផ្ទះកម្ពុជា ក្នុងនាមម្ចាស់ក្បាច់គុនដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៣គ្រឿង ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានដំណើរការប្រកួតពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសួនច្បាររព្រះអង្គចេកព្រះអង្គចម នៃខេត្តសៀមរាប ដោយមានអត្តពលិកមកពី ១៧ប្រទេសចូលរួម ។ រយៈពេល ៣ថ្ងៃមកនេះ មានអ្នកគាំទ្រជាតិ និងអន្ដរជាតិជាង ២ម៉ឺននាក់ បានទស្សនាការប្រកួតផ្ទាល់ ហើយរាប់ម៉ឺននាក់ បានទស្សនាការប្រកួតតាមការផ្សាយផ្ទាល់ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដដែលបន្ដថា ការប្រកួតនេះ បានប្រព្រឹត្តទៅដោយយុត្តិធម៌ និងគោរពបទបញ្ជាការប្រកួតត្រឹមត្រូវ និងមានបច្ចេកទេសកើនឡើង ។ ជារួមយើងសន្មតបានថា ការប្រកួត ទទួលជោគជ័យ ទាំងបច្ចេកទេស ការរៀបចំ និងការគាំទ្រ ។ ចំពោះការគាំទ្រ យើងបានផ្សព្វផ្សាយទៅសមាជិកលើពិភពលោក ៦០ប្រទេស តាមរយៈការផ្សព្វផ្សាយលើហ្វេសប៊ុករបស់ KIF ហើយយើងទទួលបាននូវចម្លើយជាវិជ្ជមានពីសមាជិកទាំងអស់ ដោយពួកគេបានអបអរសាទរ និងប្ដេជ្ញាខិតខំប្រឹងប្រែង ដើម្បីមានឱកាសចូលរួមប្រកួតឲ្យបានច្រើននាឆ្នាំក្រោយ» ។

បន្ថែមលើនេះ ថ្នាក់ដឹកនាំ KIF ក៏បានប្រកាសអំពីកាលបរិច្ឆេទ នៃកម្មវិធីប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ ដែលជាខួប ៥ឆ្នាំ ដែលនឹងត្រូវរៀបចឲ្យមានភាពឱឡារិក និងអធិកអធមពីថ្ងៃទី០៥-០៧ ខែធ្នូ ឆ្នាំ២០២៤ នៅលើទឹកដីអង្គរ ខេត្តសៀមរាបដដែល ។ ការប្រកាសនេះ បានធ្វើឲ្យសមាជិកទាំងអស់សាទរ និងកោតសរសើរ ចំពោះការរៀបចំ និងកំណត់កាលបរិច្ឆេទមុន ដើម្បីផ្ដល់ភាពងាយស្រួលដល់បណ្ដាប្រទេសសមាជិក។ លោកថា «នេះគឺជាជោគជ័យដ៏ល្អមួយ សម្រាប់គុនខ្មែរ ដែលកំពុងឈានជើងទៅរកការអភិរក្ស និងអភិវឌ្ឍន៍នេះ» ។

សម្រាប់លទ្ធផលបច្ចេកទេសខាងលើ ក្រោយធ្វើការប្រកួត ៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមកីឡាគុនខ្មែររបស់ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេចំនួន ២៣គ្រឿង (មាស ១៤, ប្រាក់ ៨ និងសំរឹទ្ធ ១), ក្រុមអត្តពលិកគុនខ្មែរឥណ្ឌា ឈរលេខ២ ដណ្ដើមបានមេដាយមាស ៣ និងប្រាក់ ៣) សរុប ៦គ្រឿង, ក្រុមគុនខ្មែរអ៊ីរ៉ង់ ឈរលេខ៣ ដណ្ដើមបានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ គ្រាដែលក្រុមគុនខ្មែរហ្វីលីពីន និងរុស្ស៊ី ដណ្ដើមបានមេដាយមាស ១ និងប្រាក់ ៣ ដូច ឈរលេខ៤ និងលេខ៥ ។ ក្រៅពីនេះ ក៏មានកីឡាករ-កីឡាការិនីផ្សេងៗ ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធជាបន្ដបន្ទាប់ផងដែរ ។

សូមរំឮកថា នៅក្នុងពិធីបើកការប្រកួតគុនខ្មែរជើងឯកពិភពលោក កាលពីចុងសប្ដាហ៍កន្លងទៅ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តបន្ថែម ដើម្បីបន្តជំរុញអភិវឌ្ឍកីឡាគុនខ្មែរឈានឆ្ពោះទៅលើឆាកអន្តរជាតិ រួមមាន៖

១. រក្សានិរន្តរភាព និងជំរុញឲ្យម្ចាស់ផ្ទះរៀបចំស៊ីហ្គេមក្រោយៗទៀតបញ្ចូលគុនខ្មែរក្នុងកម្មវិធីប្រកួត។
២. រក្សានិរន្តរភាពនៃការរៀបចំប្រកួតគុនខ្មែរជើងឯកពិភពលោកឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។
៣. ប្រើប្រាស់គ្រប់មធ្យោបាយជំរុញឲ្យកីឡាគុនខ្មែរដាក់បញ្ចូលនៅក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
៤. មហិច្ឆិតាជំរុញដាក់បញ្ចូលគុនខ្មែរជាសមាជិករបស់ចលនាអូឡាំពិកអន្តរជាតិ និងបញ្ចូលក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០៣២ នៅទីក្រុង Brisbane ប្រទេសអូស្រ្តាលី» ។

គួរបញ្ជាក់ថា ការប្រកួតគុនខ្មែរជើងឯកពិភពលោកនេះ រៀបចំឡើងស្របតាមគោលការណ៍ និងស្មារតីនៃចលនាអូឡាំពិក គឺអត្តពលិកចូលរួមប្រកួតតំណាងជាតិរបស់ខ្លួន ប្រកួតប្រជែងដើម្បីបង្ហាញសមត្ថភាពជំនាញកីឡាកម្រិតខ្ពស់ក្រោមស្មារតីនៃការគោរពគ្នា “Respect” មិត្តភាព “Friendship” សាមគ្គីភាព “Solidarity” និងដើម្បីដណ្តើមមេដាយជូនជាតិរៀងខ្លួនៗ ដែលមានលក្ខណៈខុសគ្នាពីការប្រកួតលក្ខណៈអាជីពដោយផ្តោតសំខាន់លើប្រាក់រង្វាន់ និងលាភសក្ការៈជាដើម ៕