(បរទេស)៖ អង្គការឃ្លាំមើលការប្រកួតប្រជែងអូស្រ្តាលី បានអំពាវនាវឱ្យមានច្បាប់ប្រកួតប្រជែងថ្មីសម្រាប់ភ្លេតហ្វមឌីជីថលមួយចំនួនរួមមាន Amazon, Apple, Google, Meta និង Microsoft ដើម្បីទប់ស្កាត់ការបង្កគ្រោះថា្នក់លើការប្រមូលទិន្នន័យអ្នកប្រើប្រាស់ដោយប្រការណាមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

គណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) បានលើកឡើងពីការព្រួយបារម្ភថា ការកើនឡើងនៃបច្ចេកវិទ្យាថ្មីៗជាពិសេស AI ពីភ្លេតហ្វមធំៗទាំង ៥នេះ ខ្លាចថា ពួកវាបង្កើនហានិភ័យនៃការប្រមូលទិន្នន័យអ្នកប្រើប្រាស់ និងព័ត៌មានក្លែងក្លាយបំពុលសង្គម ។ ខណៈច្បាប់ប្រកួតប្រជែងក្នុងប្រទេសអូស្រ្តាលីនៅមិនទាន់គ្រប់គ្រាន់សម្រាប់ការគ្របដណ្តប់លើហានិភ័យទាំងនេះនោះទេ។

ACCC ក៏កំពុងអំពាវនាវឱ្យរដ្ឋាភិបាលជ្រើសតាំង និយតករថ្មីដើម្បីទទួលខុសត្រូវជាពិសេសសម្រាប់ការត្រួតពិនិត្យវិស័យឌីជីថលផ្តាច់មុខផងដែរ។ ការអំពាវនាវនេះ បានកើតឡើងក្រោយ ACCC បិទបញ្ចាប់ការស៊ើបអង្កេតរយៈពេល ៥ឆ្នាំរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨ ដល់ ២០២៣ អំពីហានិភ័យនៃការបង្កើតបច្ចេកវិទ្យាថ្មីៗ៕