(ប៉ារីស)៖ លោក Eddie Howe អ្នកចាត់ការទូទៅក្លិបបាល់ទាត់សារិកាព្រៃ Newcastle United បានចាត់ទុកថា ជំនួបទល់នឹងក្រុមម្ចាស់ផ្ទះ Paris St. Germain នៅយប់ថ្ងៃអង្គារនេះ ប្រៀបដូចជាវគ្គផ្តាច់ព្រ័ត្រនៅពានរង្វាន់អឺរ៉ុប UEFA Champions League ដ្បិតក្រុមរបស់លោក កំពុងឈរនៅបាតតារាងនៃពូល F នៅឡើយ។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទ មុនការប្រកួតជើងទី២ ទល់នឹងក្រុមខ្លាំងប្រចាំរដ្ឋធានី Paris នៅពេលក្រុមសមាជិក Premier League បច្ចុប្បន្នត្រូវការពិន្ទុដាច់ខាត ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ UCL ហើយក៏ជាក្រុមដែល Newcastle ធ្លាប់បំបាក់ ៤-១ កាលពីជើងទី១ នៅប្រទេសអង់គ្លេសដែរ។

លោក Howe បានថ្លែងថា «ពួកយើងនឹងប្រឹងឱ្យអស់ពីលទ្ធភាព ក្នុងការទទួលបានលទ្ធផលល្អ។ នេះប្រៀបដូចជា ១ប្រកួតចុងក្រោយសម្រាប់ពួកយើងនៅ UCL ដែលពួកយើងនឹងលះបង់គ្រប់យ៉ាង។ យើងមិនអាចចាញ់បានទេ»។

Newcastle ដែលបានចាញ់ ២ប្រកួតជាប់ៗគ្នា ក្រោមថ្វីជើងរបស់ក្រុមអាល្លឺម៉ង់ Borussia Dortmund ចុងក្រោយនេះ បានធ្លាក់ទៅឈរបាតតារាងនៃពូល F ជាបណ្តោះអាសន្នជាមួយ ៤ពិន្ទុក្នុងដៃ គ្រាដែលគូប្រជែង PSG មាន ៦ពិន្ទុ ឈរនៅលេខ២ ក្នុងពូល។

លោក Howe ដែលបានដឹកនាំសារិកាព្រៃឡើងមកលេងវគ្គចែកពូល UCL ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំមកនេះ រំពឹងបន្តធ្វើបានល្អទៀត ក្នុងជំនួបជើងទី២ ទល់នឹង PSG ដ្បិតពួកគេក៏បានបំបាក់តោខៀវ Chelsea ៤-១ នៅ Premier League កាលពីថ្ងៃសៅរ៍សប្តាហ៍មុន និងលេងបានស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះ AC Milan នៅថ្ងៃបើកឆាក UCL៕