(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Realme បានប្រកាសថា ខ្លួនបានដាក់លក់ស្មាតហ្វូនសរុបចំនួន ២០០លានគ្រឿងជាលើកដំបូង ចាប់តាំងពីក្រុមហ៊ុនបង្កើតមកអស់រយៈពេលជាង ៥ឆ្នាំមកនេះ នឹងបានកាន់កាប់ចំណែកទីផ្សារចំណាត់ថ្នាក់លេខ ៥ក្នុងចំណោមក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនជាងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពពីក្រុមហ៊ុនវិភាគទិន្ននន័យ Counterpoint Research បានបង្ហាញថា គិតមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន ១៤ ដែលបានដាក់លក់ស្មាតហ្វូនបានច្រើនជាង ២០០លានគ្រឿងក្នុងរយៈពេលដ៏ខ្លី ហើយក្នុងនោះមានក្រុមហ៊ុនចំនួន ៤ដែលលេចធ្លោជាងគេរួមមាន Apple, Samsung, Huawei, Vivo និងចុងក្រោយនេះគឺ Realme ដែលទើបតែបានជាប់ចំណាត់ថ្នាក់លេខ ៥ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនដែលបានដាក់លក់ក្នុងចំនួនដ៏ច្រើន នឹងចាយពេលតិច។

លោក Xu Qi ប្រធានផ្នែកទីផ្សាររបស់ Realme បានសម្តែងសេចក្តីត្រេកអរក្នុងភាពជោគជ័យដ៏ធំបំផុតរបស់ក្រុមហ៊ុន ខណៈ Realme គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយក្នុងចំណោមក្រុមហ៊ុនទាំង ៧០០នៅលើពិភពលោកដែលកំពុងមានការប្រកួតប្រជែងគ្នាជាខ្លាំង ប៉ុន្តែ Realme នៅតែមានសមត្ថភាពអាចឈរនៅក្នុងតារាងក្រុមហ៊ុនខ្លាំងៗទាំង ១០របស់ពិភពលោកក្នុងរយៈពេល ៥ឆ្នាំមកនេះ។

លោក Xu បានបញ្ជាក់ថា Realme បានត្រៀមខ្លួនរួចជាសេ្រចដើម្បីបន្តទៅប្រកួតក្នុងទីផ្សារស្មាតហ្វូនស៊េរីទំនើបជាមួយនឹងការចេញលក់ Realme GT5 Pro ដែលនឹងក្លាយជាស្មាតហ្វូនដំបូងគេដែលបំពាក់នូវបន្ទះឈីបកម្រិតខ្ពស់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 8 Gen 3 និងសេនស័រកាមេរ៉ា Lytia ថ្មីរបស់ Sony ៕