(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ នៅអង្គរវត្ត ខេត្តសៀមរាប នឹងមកដល់នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ ខណៈអ្នកចុះឈ្មោះចូលរួមបានកើនដល់ជាង ១ម៉ឺននាក់ហើយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា អ្នកចុះឈ្មោះរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងលើទឹកដីអង្គរឆ្នាំនេះ បានកើនឡើងជាង ១ម៉ឺននាក់វិញហើយ គ្រាដែលការប្រកួតនៅសល់ ៥ថ្ងៃទៀត ទើបចាប់ផ្ដើម។ ចំនួននេះ មានការកើនឡើងច្រើន បើធៀបកាលពីឆ្នាំមុន ដែលមានអ្នកចូលរួមត្រឹមជាង ៧ពាន់នាក់។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា រយៈពេល ២៨ឆ្នាំមកហើយ ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានរៀបចំឡើងនៅតំបន់អង្គរ ដោយក្រសួងទេសចរណ៍ សហការជាមួយ NOCC និងអាជ្ញាធរខេត្តសៀមរាប ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល។ រហូតមកទល់បច្ចុប្បន្ន កម្មវិធីនេះរៀបចំឡើង ដើម្បីរួមចំណែកជួយការងារមនុស្សធម៌ ទេសចរណ៍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ៕