(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានឱ្យដឹងថា ខ្លួននឹងរៀបចំរចនាសម្ព័ន្ធអាជីវកម្មហ្គេម Nuverse របស់ខ្លួនឡើងវិញ ហើយទំនងជានឹងដកខ្លួនចេញពីវិស័យហ្គេមតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

Nuverse ត្រូវបានគេស្គាល់ថា ជាភ្លេតហ្វមហ្គេមដ៏ពេញនិយមរបស់ក្រុមហ៊ុន ByteDance ដែលត្រូវបានដាក់ដំណើរការនៅក្នុងឆ្នាំ២០២១ ហើយក៏ជាភ្លេតហ្វមហ្គេមប្រកួតប្រជែងជាមួយ Tencent និង NetEase ផងដែរ។ យ៉ាងណាមិញជុំវិញមូលហេតុដកខ្លួនចេញពីហ្គេម Nuverse នេះមិនត្រូវបាន ByteDance បញ្ជាក់នោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងបណ្តាលមកពីបទបញ្ញត្តិនៃការរឹតបន្តឹងផ្សេងៗក្នុងប្រទេសចិន។

ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយថា ByteDance កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនហ្គេមរបស់ខ្លួន និងមានគម្រោងបិទក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងមិនមានគម្រោងវិលត្រឡប់ទៅកាន់ទីផ្សារហ្គេមដែលមានតម្លៃប្រមាណ ១៨៥ពាន់លានដុល្លារនោះវិញនោះទេ៕