(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ១២គ្រឿងហើយ នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ ក្រោយដណ្ដើមបានមេដាយ ២គ្រឿងបន្ថែមទៀត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សម្រាប់មេដាយ ២គ្រឿង ដែលក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា ទើបដណ្ដើមបាន រួមមានមេដាយប្រាក់ ១ ដណ្ដើមបានដោយកីឡាករ កៅ វិចិត្ររាជ្យ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៨គីឡូក្រាម និងមេដាយសំរឹទ្ធ ១ ដណ្ដើមបានដោយកីឡាករ សួស សុវណ្ណចាន់ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម។

យោងតាមលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីដំណើរការប្រកួត ៣ថ្ងៃកន្លងមក ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ១២គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៧) ហើយក្នុងចំណោម ២៥វិញ្ញាសា ដែលកីឡាករ-កីឡាការិនីកម្ពុជាលេង គឺបានបញ្ចប់ ១៤វិញ្ញាសា និងនៅសល់ ១១វិញ្ញាសាទៀត ដែលពួកគេត្រូវបន្ដប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ៕