(បរទេស)៖ បន្ទាប់ពី Xiaomi ចេញលក់ស្មាតហ្វូនតម្លៃមធ្យមរបស់ខ្លួន ម៉ូដែល Redmi 13C ជាផ្លូវការកាលពីដើមខែនេះនៅលើទីផ្សារស្មាតហ្វូនសកល ពេលនេះត្រូវបានគេរំពឹងថា Redmi 13C នឹងបង្ហាញខ្លួនក្នុងទីផ្សារឥណ្ឌាក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែរឿងដែលគួរឱ្យភ្ញាក់ផ្អើនោះគឺ Xiaomi នឹងធ្វើការផ្លាស់ប្តូរបន្ទះឈីបដែលមានថាមពលខ្លាំងជាងកំណែសកល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា Redmi 13C កំណែឥណ្ឌានឹងត្រូវបានបំពាក់ដោយបន្ទះឈីបពីក្រុមហ៊ុន MediaTek ម៉ូដែល Helio G99 ជំនួសឱ្យ Helio G85 ដែលកំពុងដំណើរការនៅលើទីផ្សារបច្ចុប្បន្ន ឮ។ Helio G99 គឺជាបន្ទះឈីបថ្មី ដោយផ្អែកលើដំណើរការផលិតជំនាន់ក្រោយ ដែលវាមានសមត្ថភាពដំណើរការបានលឿនជាងមុន ល្អបំផុតសម្រាប់ការលេងហ្គេម និងមុខងារជាច្រើនទៀត។

ក្រៅពីការផ្លាស់ប្តូរបន្ទះឈីប ស្មាតហ្វូន Redmi 13C របស់ឥណ្ឌា ត្រូវបានគេរំពឹងថានឹងមានលក្ខណៈពិសេសដូចគ្នាទៅនឹងម៉ូដែលសកល រួមទាំងអេក្រង់ទំហំ ៦.៧៤អ៊ីញ ជាមួយនឹងអត្រា refresh-rate 90Hz កាមេរ៉ាខាងក្រោយទំហំ ៥០ មេហ្គាភិចស៊ែល (50MP + 2MP) និងកាមេរ៉ាមុខទំហំ ៨មេហ្គាភិចស៊ែល ថែមទាំងបំពាក់ដោយថាមពលថ្ម ៥,០០០មីលីអំពែម៉ោង គាំទ្រការសាកថ្មលឿនរហូតដល់ ១៨វ៉ាត់ឯណោះ។

គួរជម្រាបដែរថា កាលបរិច្ឆេទចេញលក់សម្រាប់ Redmi 13C នៅទីផ្សារឥណ្ឌាមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងចេញលក់នៅដើមខែធ្នូ ឆ្នាំ 2023 នេះ។ ចំពោះតម្លៃទីផ្សារឥណ្ឌាក៏មិនទាន់ដឹងដែរ ប៉ុន្តែវាទំនងជាខ្ពស់ជាងតម្លៃសកលបន្តិចដោយសារការផ្លាស់ប្តូរបន្ទះឈីបថ្មី៕