(ម៉ាឌ្រីដ)៖ ខ្សែការពារចាស់វស្សា Sergio Ramos បានទទួលរងនូវការពិន័យកាតក្រហម ជាលើកទី២៩ របស់ខ្លួន ច្រើនជាងគេ ក្នុងអាជីពបាល់ទាត់នៃជំនួបដែល Sevilla បានចាញ់ម្ចាស់ផ្ទះ Real Sociedad ២-១ នាយប់មិញនេះនៅ La Liga។

យ៉ាងណាក៏ដោយ វាក៏បានក្លាយជាកំណត់ត្រាលើកទី២១ ក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ ដែលកីឡាករវ័យ ៣៧ឆ្នាំរូបនេះទទួលបានកាតក្រហមច្រើនជាងគេផងដែរ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឲ្យដឹងថា Ramos បានស្លាយបាល់ទៅប៉ះជើងខ្សែប្រយុទ្ធ Brais Mendez របស់ Sociedad នៅពេលឈានដល់ការបណ្តេញពីទីលានប្រកួតក្នុងនាទី៨៨ គ្រាដែលខ្សែប្រយុទ្ធស្លាប Jesus Navas វ័យ ៣៨ឆ្នាំ ក៏ទទួលបានកាតក្រហមដូចគ្នា ពីការចូលរួមតវ៉ាក្នុងរឿងនេះ។

បន្ថែមលើនេះ ខ្សែការពារដែលចូលចិត្តលេងកាចៗនៅទីលានទាំងក្នុងក្លិប Real Madrid និង Paris St. Germain បានសាងកំណត់ត្រាទទួលបានកាតក្រហមច្រើនជាងគេ ក្នុងសតវត្សរ៍ទី២១ នេះ នាំមុខកីឡាករ Rafael Marquez ដែលទទួលបាន ២១ដង និង Felipe Melo ធ្លាប់ទទួលបាន ២០ដង និងជាកាតក្រហមលើកដំបូងផងដែរសម្រាប់ Ramos ក្នុងការវិលត្រឡប់មកលេងឲ្យក្លិបស្ថិតនៅស្រុកកំណើតរបស់ខ្លួនជាលើកទី២ នារដូវក្តៅនេះ៕