(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅសួនច្បារព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ហើយលោកបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ ៤ចំណុចបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍកីឡាគុនខ្មែរលើឆាកអន្ដរជាតិ។

ថ្លែងក្នុងពិធីបើកការប្រកួតខាងលើ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកទេសរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូកីឡា និងកីឡាករ-កីឡាការិនីគុនខ្មែរ ដែលបានអញ្ជើញចូលរួមក្នុងប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបណ្ឌិត ថោង ខុន បានថ្លែងថា «រាត្រីនេះ ជាការបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់គុនខ្មែរ ក្នុងការរៀបចំការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ នៅលើទឹកដីអច្ឆរិយអង្គរ។ ឆ្នាំ២០២៣ ជាជោគជ័យដ៏ធំធេងសម្រាប់គុនខ្មែរជាមួយនឹងការដាក់បញ្ចូលទៅក្នុងធម្មនុញ្ញស៊ីហ្គេម និងបានបញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា»

លោកទេសរដ្ឋមន្ដ្រីបន្ថែមថា «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានចក្ខុវិស័យ និងបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តបន្ថែម ដើម្បីបន្តជំរុញអភិវឌ្ឍកីឡាគុនខ្មែរឈានឆ្ពោះទៅលើឆាកអន្តរជាតិ រួមមាន៖

១. រក្សានិរន្តរភាព និងជំរុញឲ្យម្ចាស់ផ្ទះរៀបចំស៊ីហ្គេមក្រោយៗទៀតបញ្ចូលគុនខ្មែរក្នុងកម្មវិធីប្រកួត។

២. រក្សានិរន្តរភាពនៃការរៀបចំប្រកួតគុនខ្មែរជើងឯកពិភពលោកឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។

៣. ប្រើប្រាស់គ្រប់មធ្យោបាយជំរុញឲ្យកីឡាគុនខ្មែរដាក់បញ្ចូលនៅក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

៤. មហិច្ឆិតាជំរុញដាក់បញ្ចូលគុនខ្មែរជាសមាជិករបស់ចលនាអូឡាំពិកអន្តរជាតិ និងបញ្ចូលក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០៣២ នៅទីក្រុង Brisbane ប្រទេសអូស្រ្តាលី»។

គួរបញ្ជាក់ថា ការប្រកួតគុនខ្មែរជើងឯកពិភពលោកនេះ រៀបចំឡើងស្របតាមគោលការណ៍ និងស្មារតីនៃចលនាអូឡាំពិក គឺអត្តពលិកចូលរួមប្រកួតតំណាងជាតិរបស់ខ្លួន ប្រកួតប្រជែងដើម្បីបង្ហាញសមត្ថភាពជំនាញកីឡាកម្រិតខ្ពស់ក្រោមស្មារតីនៃការគោរពគ្នា “Respect” មិត្តភាព “Friendship” សាមគ្គីភាព “Solidarity” និងដើម្បីដណ្តើមមេដាយជូនជាតិរៀងខ្លួនៗ ដែលមានលក្ខណៈខុសគ្នាពីការប្រកួតលក្ខណៈអាជីពដោយផ្តោតសំខាន់លើប្រាក់រង្វាន់ និងលាភសក្ការៈ។

ជាមួយគ្នានេះដែរ ការរៀបចំការប្រកួតនេះ គឺគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍លេងដោយយុត្តិធម៌ “Fair-Play” និងគោលការណ៍កីឡាស្អាតស្អំ “Clean Sport” ដោយគោរពតាមបទដ្ឋានគតិយុត្តនៃការប្រឆាំងការប្រើប្រាស់សារធាតុលើកកម្លាំង “Anti-Doping Rule” ដែលជាលក្ខខណ្ឌតម្រូវសំខាន់ៗ ដើម្បីដាក់បញ្ចូលគុនខ្មែរទៅជាសមាជិកផ្លូវការរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” នាពេលអនាគត។ 

សម្រាប់អត្ថប្រយោជន៍សំខាន់នៃការរៀបចំការប្រកួតនេះ គឺជាចលនាអន្តរជាតិសម្រាប់បំផុស និងផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក លើកកម្ពស់គុណតម្លៃគុនខ្មែរ តាមគ្រប់រូបភាពនៃប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការផ្សាយកម្ពុជាទៅក្រៅប្រទេសផងដែរ។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះក៏បានជំរុញទឹកចិត្តកូនខ្មែរឲ្យគាំទ្រ និងចូលរួមហ្វឹកហាត់គុនខ្មែរឲ្យកាន់តែផុសផុលថែមទៀតផងដែរ ។ លោកបណ្ឌិត ថោង ខុន បន្ថែម។

សូមបញ្ជាក់ថា ជើងឯកគុនខ្មែរពិភពលោក លើកទី៤ ឆ្នាំ២០២៣ នេះ គឺមានអត្តពលិកចូលរួមចំនួន ១៧ប្រទេស ខណៈថ្ងៃបើកឆាក នៃព្រឹត្តិការណ៍ប្រចាំឆ្នាំលើទឹកដីអង្គរនេះ គឺមានចំនួន ៨គូ ដែលមានទស្សនិកយ៉ាងច្រើនកុះករបានចូលរួមទស្សនា និងគាំទ្រលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ទោះបីមានភ្លៀងធ្លាក់ច្រើនដងក៏ដោយ៕