(បរទេស)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានទិញយកដោយលោក Elon Musk ត្រូវបានគេរំពឹងថា អាចនឹងបាត់បង់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មខ្ទង់ ៧៥លានដុល្លារនៅចុងឆ្នាំនេះ ខណៈដែលម៉ាកយីហោធំៗរាប់សិបម៉ាកបានដកការផ្សាយរបស់ពួកគេត្រឡប់ទៅវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

បណ្តាញផ្សព្វផ្សាយសង្គម X ពីមុនត្រូវបានគេស្គាល់ថា Twitter បានរងការចោទប្រកាន់ពីអង្គការអាមេរិកមួយដែលមានឈ្មោះថា Media Matters ដោយបានអះអាងថា X បានចូលរួមការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈជ្រុលនិយម និងប្រឆាំងសាសនា។ ខណៈខ្លឹមសារទាំងអស់នោះត្រូវបានគេរកឃើញថា បានភ្ជាប់ទៅនឹងមាតិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរួមមាន Apple, Oracle និង Amazon ដែលក្រុមហ៊ុនទាំងនេះត្រូវបានគេស្គាល់ថា ជាអ្នកផ្សាយពាណិជ្ជកម្មដ៏ធំនៅលើ X។

យ៉ាងណាមិញបន្ទាប់ពី X ដាក់ពាក្យបណ្តឹងតបតទៅនឹង Media Metters ពីបទបរិហាកេរ្តិ៍កាលពីដើមសប្តាហ៍នេះឃើញថា មានម៉ាកយីហោធំៗជាច្រើនបានប្រកាសផ្អាកការផ្សាយពាណិជ្ជកម្មរបស់ពួកគេ ក្នុងនោះសូម្បីតែប្រេនដ៏ល្បី Walt Disney និង Warner Bros Discovery ក៏ដកការផ្សាយពាណិជ្ជកម្មរបស់ពួកគេផងដែរ។

គួរជម្រាបដែរថា គិតត្រឹមការចេញផ្សាយចុងក្រោយនៅថ្ងៃសុក្រសប្តាហ៍នេះ បញ្ជីរាយនាមកក្រុមហ៊ុនដាក់ផ្សាយពាណិជ្ជកម្មនៅលើបណ្តាញផ្សព្វផ្សាយសង្គម X សរុបជាង ២០០ក្រុមហ៊ុនកំពុងពិចារណាដកការផ្សាយពាណិជ្ជកម្មត្រឡប់វិញរួមមាន Airbnb, Amazon, Coca-Cola និង Microsoft ផងដែរ៕