(ឡុងដ៍)៖ Wayne Rooney បានដឹកនាំក្លិប Birmingham City យកឈ្នះក្រុមបាតតារាង Sheffield Wednesday នាយប់មិញនេះ ក្នុងក្របខណ្ឌទី២ អង់គ្លេស Championship ដែលជាជ័យជម្នះលើកដំបូងផងដែរ ក្នុងចំណោម ៦ប្រកួតមកនេះ។

អតីតខ្សែប្រយុទ្ធ Manchester United និងប្រធានក្រុមជម្រើសជាតិអង់គ្លេសផងនោះ បានដឹកនាំ Birmingham ចាញ់ ៤លើក និងស្មើ ១លើក មុនពេលទទួលបាន ៣ពិន្ទុលើកដំបូងនារាត្រីថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលធ្វើឱ្យពួកគេឡើងមកឈរលេខ១៤ វិញមាន ២២ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៧ប្រកួតមកនេះ។

ថ្លែងក្រោយចប់ការប្រកួត Rooney បានឱ្យដឹងថា «យើងជៀសមិនផុតពីការរិះគន់របស់អ្នកគាំទ្រនោះទេ ពេលពួកយើងធ្វើមិនបានល្អ។ ពេលអ្នកស្ថិតនៅលើទីលាន អ្នកត្រូវតែផ្តោតលើការប្រកួតជាធំ រហូតពេលខ្លះស្រែកដល់ភ្លាត់សំឡេងទៀតផង ដ្បិតកូនក្រុមលេងមិនឡើយសម្រាប់វគ្គទី១»

១ប្រកួតបន្ទាប់ Birmingham City នឹងធ្វើដំណើរទៅប៉ះក្រុមម្ចាស់ផ្ទះ Blackburn Rovers សម្រាប់សប្តាហ៍ទី១៨ ជើងទី១ ជាបន្តទៀត នារាត្រីថ្ងៃពុធសប្តាហ៍ក្រោយ៕