(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានវិលទៅកាន់តំណែងកំពូល Premier League ជាថ្មី ក្រោយយក ឈ្នះម្ចាស់ផ្ទះ Brentford ១-០ គ្រាដែលជំនួបខ្លាំងប៉ះខ្លាំង Manchester City និង Liverpool ស្មើគ្នា ១-១ នៅនារាត្រីថ្ងៃសៅរ៍ដូចគ្នា។

៣ពិន្ទុនៅក្នុងផ្ទះរបស់ Brentford នេះដែរនៃសប្តាហ៍ទី១៣ ជើងទី១ ពីការធ្វើបានសម្រេចដោយខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Kai Havertz បានជួយក្រុមលេខ២ រដូវកាលមុនមួយនេះរកបាន ៣០ពិន្ទុ ដើម្បីឡើងទៅឈរនៅកំពូលតារាងលីគជាថ្មី ដ្បិតក្រុមការពារជើងឯក Man City ឈរលេខ២ មាន ២៩ពិន្ទុ និងក្រុមលេខ៣ Liverpool មាន ២៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៣ប្រកួតផងដែរ។

Havertz ដែលទើបទិញចូលពីក្លិបរួមលីគ តោខៀវ Chelsea នារដូវកាលនេះ ក្រោមតម្លៃខ្លួន ៦៥លានផោននោះ ទើបរកបាន ២គ្រាប់ និងបញ្ជូន ១គ្រាប់ផងដែរពីការចូលលេងបាន ១៩ប្រកួតគ្រប់កម្មវិធីរបស់ Arsenal នាដើមរដូវកាលថ្មីនេះ។

លោក Rio Ferdinand អតីតខ្សែការពារក្លិប Manchester United មានការជឿជាក់ថា នេះគឺពេលដែល Havertz បង្ហាញភាពលេចធ្លោនៅ Arsenal ក្រោយរងការរិះគន់ខ្លាំង តាមរយៈវាយប្រហារទម្រង់លេង មិនស័ក្តិសមនឹងតម្លៃខ្លួន និងមិនដូចកាលលេងនៅកីឡដ្ឋាន Stamford Bridge៕