(បរទេស)៖ រដ្ឋាភិបាលប្រទេសឥណ្ឌាបានព្រមានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមអាមេរិក Facebook និង YouTube កុំឱ្យភ្លេចខ្លួន នឹងត្រូវតែចាត់វិធានការឱ្យខ្លាំងជាងមុន ហើយឧស្សាហ៍ក្រើនរំលឹកដល់អ្នកប្រើប្រាស់ថា ច្បាប់ក្នុងស្រុកមិនអនុញ្ញាតឱ្យពួកគេបង្ហោះព័ត៌មានបំផុសបំផុល នឹងវីដេអូអាសអាភាសនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការព្រមាននេះត្រូវបានចេញដោយអនុរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក Rajeev Chandrasekhar ដោយលោកបានលើកឡើងថា ក្រុមហ៊ុនជាច្រើនមិនបានធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការប្រើប្រាស់របស់ពួកគេដើម្បីឆ្លុះបញ្ចាំងអំពីច្បាប់ថ្មីដែលបានដាក់ចេញកាលពីឆ្នាំ២០២២ នោះទេ។ ខណៈច្បាប់ថ្មីនោះគឺ មានវិសាលភាពគ្របដណ្តប់លើការហាមឃាត់មាតិកាដែល«បង្កគ្រោះថ្នាក់ដល់កុមារ» រូបភាព និងវីដេអូអាសអាភាស ឬជា«ព័ត៌មានបំផុសបំផុលសង្គម»

Facebook និង YouTube ត្រូវតែចាត់វិធានការឱ្យកាន់តែខ្លាំងជាងមុន ដើម្បីឱ្យអ្នកប្រើប្រាស់យល់ដឹងអំពីច្បាប់ ហើយជាអនុសាសន៍ពីលោក Rajeev Chandrasekhar ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងពីនេះត្រូវតែត្រួតពិនិត្យខ្លឹមសារនៃការបង្ហោះឱ្យបានល្អិតល្អន់មុននឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ណាម្នាក់បង្ហោះខ្លឹមសារទាំងនោះចេញ។ បើមិនដូច្នេះទេរដ្ឋាភិបាលឥណ្ឌា នឹងមានចំណាត់ការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនណាដែលមិនគោរពតាមច្បាប់ក្នុងប្រទេស។

គួរជម្រាបដែរថា ការព្រមាននេះបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការផលិតវីដេអូ និងរូបភាពដោយ AI algorithms ខណៈបច្ចុប្បន្នមានរូបភាព និងវីដេអូជាច្រើនដែលត្រូវបានគេបង្ហោះនៅលើអនឡាញ ហើយមានអ្នកប្រើប្រាស់មួយចំនួនបែងចែកមិនដាច់ថា វាជារូបភាព ពិតប្រាកដ ឬក្លែងក្លាយ។ ឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលព្រួយបារម្ភអំពីការប្រើប្រាស់ AI នោះទេ សូម្បីតែសហភាពអឺរ៉ុបក៏កំពុងធ្វើការលើបទប្បញ្ញត្តិថ្មីដើម្បីដោះស្រាយបញ្ហានេះផងដែរ៕