(ភ្នំពេញ)៖ សហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានបើកភ្លើងខៀវដល់បណ្ដាប្រទេសសមាជិកទាំង ៦០ ក៏ដូចជាបណ្ដាប្រទេសដែលចូលសមាជិកជាបន្ដបន្ទាប់ទៀត បានទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក ចាប់ពីឆ្នាំ២០២៥ តទៅ តែត្រូវគោរពតាមគោលការណ៍ធំៗចំនួន ២ ដើម្បីទទួលបានសិទ្ធរៀបចំនេះ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ KIF ក្រោយបញ្ចប់មហាសន្និបាតបញ្ចប់អាណត្តិរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ដោយជោគជ័យ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ដែលមានប្រទេសជាសមាជិកចូលរួមដោយផ្ទាល់ចំនួន ១៧ប្រទេស និងប្រទេសជាសមាជិកផ្តល់សិទ្ធិប្រទានជាង ៤០ប្រទេស ដែលសរុបសមាជិកចូលរួម និងគាំទ្រមហាសន្និបាតមានចំនួន ៦០ប្រទេស។

មហាសន្និបាតខាងលើ បានទទួលបានផ្លែផ្កាជាច្រើន ដោយទទួលបានការគាំទ្រពីបណ្ដាប្រទេសសមាជិក ក្នុងការប្ដេជ្ញារួមគ្នា ដើម្បីពង្រឹងសហព័ន្ធគុនខ្មែរអន្ដរជាតិ និងធ្វើឲ្យមានស្ថេរភាពក្នុងការគ្រប់គ្រង ហើយមានការអភិវឌ្ឍ និងឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃអនាគត ពិសេសគោលដៅយុទ្ធសាស្ដ្រជាតិ ដែលត្រូវបន្ដដាក់គុនខ្មែរ ឲ្យមានការទទួលស្គាល់ពីចលនាអូឡាំពិកអាស៊ី ហើយចលនាអូឡាំពិកពិភពលោក នាថ្ងៃក្រោយ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ការប្រកួតជើងឯកគុនខ្មែរអន្ដរជាតិរៀងរាល់ឆ្នាំ នឹងធ្វើឲ្យ គុនខ្មែរ កាន់តែល្បី កាន់តែជ្រូតជ្រាប ហើយមានការចូលរួមច្រើនពីប្រទេសផ្សេងៗកាន់តែច្រើន។ ដូច្នេះទើបសមាជិក KIF បានប្រកាសរួមគ្នា ធ្វើឲ្យការប្រកួតគុនខ្មែរមានរៀងរាល់ឆ្នាំក្នុងកម្រិតពិភពលោក ខណៈបន្ទាប់ពីខួបលើកទី៥ ដែលនឹងត្រូវរៀបចំឲ្យមានភាពអស្ចារ្យនៅកម្ពុជា នាឆ្នាំ២០២៤ KIF នឹងអនុញ្ញាតឲ្យប្រទេសសមាជិកដាក់បេក្ខភាពស្នើសុំធ្វើម្ចាស់ផ្ទះជាបន្ដបន្ទាប់ ដើម្បីរក្សាបាននូវនិរន្ដរភាពក្នុងការ អភិរក្ស និងអភិវឌ្ឍ គុនខ្មែរ។

លោកបន្ដថា «យើងបានដាក់ចេញនូវគោលការណ៍មួយចំនួន ដែលប្រទេសសមាជិកត្រូវធ្វើ គោលការណ៍ទី១-ប្រទេសសមាជិកទាំងអស់ ត្រូវពង្រឹងសមត្ថភាពការងារក្នុងសហព័ន្ធគុនខ្មែរជាតិរបស់ខ្លួន។ គោលការណ៍ទី២-សហព័ន្ធគុនខ្មែរជាតិរបស់ប្រទេសសមាជិកនីមួយៗ ត្រូវធ្វើសកម្មភាពចំនួន ៣ ទី១-រៀបចំទិវាគុនខ្មែរប្រចាំប្រទេសរបស់ខ្លួន ទី២-រៀបចំសកម្មភាពក្នុងការប្រកួតកម្រិតតូចៗ រវាងបណ្ដាក្លិបតូចក្នុងប្រទេស ជាលក្ខណៈមិត្តភាព និងផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ជាដើម និងទី៣-ត្រូវរៀបចំជាការប្រកួតជើងឯកជាតិប្រចាំប្រទេសនីមួយៗ ឲ្យបានរៀងរាល់ឆ្នាំ។

«យើងមានគំរូរួចហើយ សម្រាប់ប្រទេសអ៊ីរ៉ង់ ដែលបានរៀបចំជើងឯកគុនខ្មែរទៀងទាត់ ហើយយើងពិតជាមានការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងសមាជិករបស់យើង។ យើងបានដាក់ទិសដៅរួចហើយ ហើយសមាជិកទាំងអស់ បានគាំទ្រចំពោះការងារនេះ។ យើងបានបន្ថែមនូវចិត្តសាស្ដ្រជាស្មារតីមហាគ្រួសារគុនខ្មែរ ដែលធ្វើឲ្យអង្គការនៃកីឡាគុនខ្មែរអន្ដរជាតិ កាន់តែរឹងមាំ និងមានប្រសិទ្ធភាព ក្នុងការដឹកនាំ គ្រប់គ្រង ចលនាគុនខ្មែររបស់យើងលើពិភពលោកបានល្អ។ នេះគឺអ្វីដែលយើងធ្វើឲ្យមាននិរន្ដភាពក្នុងការអភិវឌ្ឍ និងអភិរក្ស គុនខ្មែរ របស់យើង ឲ្យមានការរីកលូតលាត់»។ លោក វ៉ាត់ ចំរើន បន្ថែម។

ទន្ទឹមជាមួយការខំប្រឹងនេះ KIF បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ និងគ្រប់មជ្ឈមណ្ឌល ទាំងរាជរដ្ឋាភិបាល ពិសេសប្រជាពលរដ្ឋ ដែលគាំទ្រគុនខ្មែរក្នុងស្រុក ត្រូវបន្ដការគាំទ្រ ដើម្បីជំរុញគុនខ្មែរទៅក្រៅប្រទេសជាលក្ខណៈកីឡា មានន័យធា ជាលក្ខណៈប្រកួតមួយ ដែលប្រើប្រាស់យន្ដការ ស្របតាមនិន្នាការកីឡាអន្ដរជាតិ ក៏ដូចជាប្រព័ន្ធធម្មនុញ្ញារបស់អូឡាំពិកអន្ដរជាតិ។ មួយវិញទៀត សមាជិក KIF ក៏បានគាំទ្រជំហរគុនខ្មែរ ដែលបានប្ដេជ្ញាចូលរួមប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់លើកកម្លាំង (Anti-Doping Rule) ផងដែរ។

សូមបញ្ជាក់ថា មហាសន្និបាតប្រចាំឆ្នាំរបស់ KIF ខាងលើ ត្រូវរៀបចំឡើង ១ថ្ងៃមុនការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ ដែលនឹងត្រូវរៀបចំការប្រកួតលើទឹកដីអង្គ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដោយមានកីឡាករ-កីឡាការិនីជិត ៧០នាក់ មកពី ១៧ប្រទេសចូលរួម ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា រុស្ស៊ី ម៉ូរីស ជប៉ុន កាហ្សាក់ស្ថាន ឥណ្ឌា អ៊ីរ៉ង់ អូស្ដ្រាលី អាហ្សង់ទីន កាមេរ៉ូន ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងឡាវជាដើម៕