(ភ្នំពេញ)៖ ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ២) នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្រាប់លទ្ធផលការប្រកួតថ្ងៃដំបូងនេះ កីឡាករ សៀន ចាន់ហួត ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសាមេគុនដំបងឯកត្តជន និងមេដាយមាស ១ ទៀត ដណ្ដើមបានលើវិញ្ញាសាមេគុនសម្ដែងក្រុម។ រីមេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ លី ប៉ូរ៉ាមី លើវិញ្ញាសាមេគុនបុរសឯកត្តជន និងកីឡាករ អុំ និមល លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម។

ចំណែកមេដាយសំរឹទ្ធ ២គ្រឿង ដណ្ដើមបានដោយកីឡាការិនី ឯម ច័ន្ទកនីកា ១ លើវិញ្ញាសាមេគុននារីឯកត្តជន និងកីឡាករ អុំ និមល លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៧គីឡូក្រាម។ យ៉ាងណាមិញការប្រកួតដែលមានអត្តពលិក ៣៥ប្រទេសចូលរួមនេះ មិនទាន់បញ្ចប់នោះទេ ពោលគឺនឹងបន្ដការប្រកួត រហូតដល់ថ្ងសទី៣០ ខែវិច្ឆិកា ខណៈកម្ពុជា ក៏បានបញ្ជូនកីឡាករ-កីឡាការិនី ២៧នាក់ចូលរួមផងដែរ ដែលដឹកនាំដោយលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា៕