(បរទេស)៖ ក្រុមហ៊ុន Nvidia បានជូនដំណឹងដល់អតិថិជនក្នុងប្រទេសចិន ថាខ្លួននឹងពន្យារពេលចេញលក់បន្ទះឈីប AI ថ្មីដែលត្រូវបានឌីហ្សាញឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន ដោយសារតែបញ្ហាប្រឈមដែលក្រុមហ៊ុនផលិតម៉ាស៊ីនមេបានជួបប្រទះក្នុងសង្វាក់ផលិតកម្មផលិតបន្ទះឈីប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការប្រកាសនេះគឺសំដៅទៅដល់បន្ទះឈីបម៉ូដែល H20 ដែលដំបូងឡើយត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឱ្យដំណើរការនៅត្រីមាសទី៤ នៃឆ្នាំ២០២៣ ប៉ុន្តែឥឡូវនេះត្រូវបានពន្យារពេលរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៤ ឯណោះទើបទៅដល់។ មូលហេតុដែល Nvidia បង្ខំចិត្តពន្យាពេលចេញលក់នេះ ដោយសារតែបញ្ហាខ្សែសង្វាក់ផលិតកម្ម និងបញ្ហាដ៏ចម្បងបំផុតនោះគឺ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងបទប្បញ្ញត្តិពាណិជ្ជកម្មរវាងអាមេរិក-ចិន។

គួរជម្រាបដែរថា បន្ទះឈីប H20 ត្រូវបាន Nvidia ឌីហ្សាញឡើងជាលក្ខណៈពិសេសដើម្បីអនុវត្តតាមការរឹតបន្តឹងការនាំចេញថ្មីរបស់សហរដ្ឋអាមេរិក ក៏ដូចជាក្នុងគោលបំណងនាំចូលទីផ្សារប្រទេសចិនដើម្បីប្រកួតប្រជែងជាមួយ Huawei ផងដែរ៕