(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia បានផ្តល់រង្វាន់លើកទឹកចិត្តដល់បេក្ខជន ទក ភីរ៉ាវីន នៅថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីយុវជនរូបនេះបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA លំដាប់ ពិន្ទុ ១០០.០០០ នាសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣​ ខណៈ បច្ចុប្បន្នភីរ៉ាវីន កំពុងរៀនត្រៀមប្រឡងពេទ្យនៅរាជធានីភ្នំពេញ ។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ដោយសិស្សានុសិស្សជាប់សរុបមានចំនួន៩៨,៤៦០នាក់ ស្មើនឹង៧២.៨៩% ដែលរួមមាននិទ្ទេស A ចំនួន១,៦៧៣នាក់, និទ្ទេស B ចំនួន៦,៩៦៤នាក់, និទ្ទេស C ចំនួន១៨,៣០៨នាក់, និទ្ទេស D ចំនួន៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន៣៧,២៦៩នាក់។

បើមើលលើលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះគឺមានការចាប់អារម្មណ៍ខ្លាំងលើលទ្ធផលបេក្ខជនម្នាក់ឈ្មោះ ទក ភីរ៉ាវីន ដែលទទួលបាននិទ្ទេស A លំដាប់ ពិន្ទុ ១០០.០០០ពេញ ហើយដើម្បីជាការលើកទឹកចិត្តនិងអបអរសាទរចំពោះលទ្ធផលដ៏ល្អនេះ ក្រុមហ៊ុន MG Cambodia សហការណ៍ជាមួយក្រុមហ៊ុន Converse បានរៀបចំផ្តល់ជូននូវកាដូរលើកទឹកចិត្តដល់បេក្ខជន ទក ភីរ៉ាវីន មានដូចជា៖ កុំព្យូទ័រយួរដៃ, កាតាប, មួក និងស្បែកជើងម៉ាក Converse ។

លោក អ៊ុ គីម នាយកផ្នែកលក់រថយន្ត MG Cambodia បានចូលរួមអបអរសារទរ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ និងបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូ អំណត់ព្យាយាមដោយយកចិត្តទុកដាក់រៀនសូត្រ ឱ្យបានពូកែថែមទៀត និងត្រូវធ្វើអំពើណាដែលល្អ និងមានប្រយោជន៍ដល់គ្រួសារនិងសង្គម

គួរបញ្ជាក់ថា ក្រុមហ៊ុន MG គឺជាក្រុមហ៊ុនរថយន្តម៉ាកយីហោរបស់ចក្រភពអង់គ្លេសដែលកំពុងពេញនិយមនិងលក់ដាច់ខ្លាំងដោយមានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ជាមួយរថយន្តទំនើបទាន់សម័យ និងមានតម្លៃសមរម្យ ហើយផ្តល់ជូនការធានារហូតដល់រយៈពេល៥ឆ្នាំ ឬ ១៥០,០០០​គីឡូម៉ែត។ បច្ចុប្បន្ន រថយន្ត MG ស្ថិតក្នុងលំដាប់ថ្នាក់លេខ៣នៅប្រទេសកម្ពុជាក្នុងវិស័យរថយន្តថ្មី​៕