(បាងកក)៖ កីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បានឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាហែល ១០០ម៉ែត្រ Bifins ពីក្នុងព្រឹត្តិការណ៍ជើងឯក Asian Fin Swimming Championships នៅប្រទេសថៃ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

នេះជាមេដាយទី២ សម្រាប់កម្ពុជា ក្រោយពេលកីឡាការនី កាំង មុយនីន បានឈ្នះមេដាយមាស ១គ្រឿង ដែលនាំមកជាថ្មីនូវមោទនភាពសម្រាប់ជាតិបែបនេះ។

នៅក្នុងការប្រកួត 18th ASIAN Fin swimming Championships 2023 សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី FIN Swimming ចំនួន ៥នាក់ ទៅចូលរួមការប្រកួតតបតាមការអញ្ជើញរបស់សមាគមកីឡាក្រោមទឹក នៃព្រះរាជាណាចក្រថៃ (Association of Thailand Underwater Sports) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ។

សម្រាប់សមាសភាពគ្រូបង្វឹក និងកីឡាករ កីឡាការិនីកម្ពុជាចូលរួមមាន គ្រូបង្វឹក ហែមថុន វិទិនី,កីឡាការិនី កាំង មុយនីន, កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត, កីឡាករ ទួន ទិត្យសត្យា នឹងកីឡាករ លឹម សុខវឌ្ឍន៍នន្ទ៕