(បរទេស)៖ តារាសម្ដែងម្ចាស់ពានអូស្កា លោក Joaquin Phoenix (វ៉ក់ឃីន ហ្វីនិច) ដែលគេស្គាល់តាមរយៈការសម្ដែងជាតួអង្គ Joker (ចូកឃើ) បានប្រែខ្លួនជាអធិរាជបារាំងណាប៉ូឡេអុង បូណាប៉ាត សម្រាប់ភាពយន្តថ្មីដែលនិយាយអំពីប្រវត្តិសាស្ត្ររបស់ទ្រង់។ មូលហេតុដែលធ្វើឲ្យតួអង្គ Joker គឺលោក Joaquin Phoenix ទទួលបានតំណែងតួអង្គ Napoleon ដោយសារអ្នកដឹកនាំរឿងចូលចិត្តការសម្តែងដ៏សែន Dark របស់លោកក្នុង​កុន DC។

Joker ដែល Joaquin បានសម្តែងកាលពីឆ្នាំ២០១៩ ជាកូនសោរសំខាន់ ដែលធ្វើឲ្យតារាសម្តែងប្រុសវ័យ៤៩ឆ្នាំរូបនេះ បានវិលមករួមការងារជាមួយអ្នកដឹកនាំរឿង Ridley Scott ឡើងវិញ ក្នុងរយៈពេល ២៣ឆ្នាំ តាំងពីភាពយន្តរឿង Gladiator មកម្ល៉េះ។

តាមរយៈបទសម្ភាសន៍នាពេលថ្មីៗនេះ ជាមួយ Deadline អ្នកដឹកនាំរឿងខាងលើ បាននិយាយថា លោកបានសំឡឹងមុខ Joaquin រួចនិយាយថា «បិសាចដ៏តូចមួយនេះគឺ Napoleon Bonaparte ដែលយើងកំពុងស្វែងរក លោកមើលទៅស័ក្តិសមនឹងតួនេះណាស់ ខ្ញុំសរសើរកុន JOKER ដែលលោកបានសម្តែង បើទោះខ្ញុំមិនចូលចិត្តការបង្ហាញ ភាពរីករាយលើការបង្កវិនាសកម្ម តែការសម្តែងរបស់ Joaquin ពិតជាលេចធ្លោ»

គួរជម្រាបថា ភាពយន្ត «Napoleon» (ណាប៉ូឡេអុង) ដែលផលិតនិងចែកចាយដោយក្រុមហ៊ុន Sony Pictures និងបង្ហាញពីវីរភាពដ៏អស្ចារ្យរបស់ទ្រង់ ដែលពោរពេញដោយទស្សនីយភាពជក់ចិត្តលម្អិតអំពីការងើបឡើង និងការដួលរលំនៃនិមិត្តរូបនៃអធិរាជបារាំងអង្គនេះ។ ជាស្នាដៃដឹកនាំដោយផលិតករជើងចាស់ Ridley Scott (រីដលី ស្កត) ភាពយន្តបែបប្រវត្តិសាស្ត្រនេះ ចាក់បញ្ចាំងតាមរោងភាពយន្ត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៕