(ម៉ូនិច)៖ ខ្សែប្រយុទ្ធ Harry Kane បានក្លាយជាកីឡាករអង់គ្លេសដំបូងគេ ក្នុងចំណោម ៤នាក់ ដែលរកបានច្រើនគ្រាប់ជាងគេ ក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga ក្នុងឆ្នាំតែមួយ ពោលគឺឆ្នាំ២០២៣។

ការរកបាន ១គ្រាប់នៅនាទីទី២០ ក្នុងជំនួបដែល Bayern Munich យកឈ្នះម្ចាស់ផ្ទះ FC Koln ក្នុងរយៈពេល ៩០នាទីនាយប់មិញនេះ បានធ្វើឲ្យប្រធានក្រុមអង់គ្លេសរូបនេះ កើនគ្រាប់ស៊ុតបានដល់ទៅ ១៨គ្រាប់ក្នុងលីគសម្រាប់រដូវកាលដំបូងរបស់គេ ក្រោយចូលរួមជាមួយក្លិបខ្លារខិនតាំងពីខែសីហា ឆ្នាំ២០២៣ មក។

យ៉ាងនេះក្តី Kane ដែលមានវ័យ ៣០ឆ្នាំ ក៏បាននាំមុខមិត្តរួមជាតិ Jadon Sancho ដែលរកបាន ១៧គ្រាប់សម្រាប់ Borussia Dortmund នារដូវកាល ២០១៩-២០២០ ស្មើនឹងកីឡាករ Kevin Keegan លេងឲ្យ Hamburg នាឆ្នាំ១៩៧៨-១៩៧៩ នៅពេល Tony Woodcock កាលលេងឲ្យ Cologne នារដូវកាលឆ្នាំ១៩៨១-១៩៨២ ដែលរកបាន ១៥គ្រាប់។

គិតមកទល់នឹងពេលនេះ អតីតកីឡាករក្លិប Tottenham Hotspur ខាងលើនេះ រកបាន ២២គ្រាប់ហើយ ពីការចូលលេងសរុប ១៧ប្រកួតគ្រប់កម្មវិធីរបស់ Bayern Munich ដែលមានលោក Thomas Tuchel ដឹកនាំ ក្នុងការព្យាយាមឈ្នះជើងឯក Bundesliga លើកទី១២ ជាប់ៗគ្នាផងដែរ ក្រោយចំណាយលុយទិញ Kane ក្នុងតម្លៃ ៨៦.៤លានផោនរួចមក៕