(បរទេស)៖ តុលាការទីក្រុងប៉េកាំង នៅថ្ងៃទី២៤ ខែវិច្ឆកានេះ បានបដិសេដបណ្តឹងឧទ្ធរណ៍របស់តារាចម្រៀង និងជាតារាសម្តែងល្បីជនជាតិចិន-កាណាដា លោក Kirs Wu ដែលកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ពីបទរំលោភសេពសន្ថវៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Stratstimes នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Wu ដែលកើតនៅប្រទេសចិន បច្ចុប្បន្នមានអាយុ៣៣ឆ្នាំ គឺជាអតីតសមាជិកនៃក្រុម K-pop EXO ហើយបានត្រឡប់ទៅប្រទេសចិនវិញក្នុងឆ្នាំ២០១៤ ជាកន្លែងដែលលោកបានបង្កើតអាជីពដែលរកកម្រៃបាន។ Kris Wu ត្រូវបានឃុំខ្លួនក្នុងខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពីសិស្សអាយុ១៩ឆ្នាំម្នាក់ ឈ្មោះ Du Meizhu បានចោទប្រកាន់លោកជាសាធារណៈថា បានលួងលោមនាង និងក្មេងស្រីផ្សេងទៀត ដែលខ្លះមានអាយុតិចជាង១៨ឆ្នាំ ឱ្យមករួមភេទជាមួយខ្លួន។

រហូតមកទល់ពេលនេះ តុលាការទីក្រុងប៉េកាំង ច្រានចោលបណ្តឹងឧទ្ធរណ៍របស់តារាប្រុស Kris Wu ខណៈសាច់ញាតិជិតស្និទ្ធរបស់ Wu និងមន្ត្រីមកពី ស្ថានទូតកាណាដាប្រចាំប្រទេសចិន បានចូលរួមក្នុងការប្រកាសសាលក្រមនេះ។

តុលាការសាលាដំបូងក្រុងប៉េកាំង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីសម្រេចទាក់ទងនឹងករណីរំលោភសេពសន្ថវៈ ជាក្រុមសម្រាប់ចុងចោទ Kris Wu។ ចំពោះការរំលោភសេពសន្ថវៈ ជនជាប់ចោទ Kris Wu ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១១ឆ្នាំ ៦ខែ បូករួមទាំងការនិរទេសខ្លួនផងដែរ។ ចំពោះបទចោទប្រកាន់ជាក្រុម លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ១០ខែ។ ដូច្នេះសរុបជារួម លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៣ឆ្នាំ បូកទាំងការនិរទេស។ នេះជាការលើកឡើង របស់តុលាការប្រជាជនជាន់ខ្ពស់ទីក្រុងប៉េកាំង៕