(បរទេស)៖ អ្នកលេងបណ្តាញ YouTube ជនជាតិអេស្ប៉ាញម្នាក់ដែលមានឈ្មោះថា Jota នឹងត្រូវបានគេស្គាល់ថាជា អ្នកផលិតមាតិកា និងជា YouTuber ដ៏ល្បីបានដាក់ពាក្យប្តឹងក្រុមហ៊ុន Google ប្រចាំប្រទេសអេស្ប៉ាញ ពីបទបិទមុខងាររកប្រាក់ពី Channel YouTube របស់លោកដោយគ្មានមូលហេតុ ព្រមទាំងបានដកប្រាក់ពី Channel នោះថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

Jota បានអះអាងនៅក្នុងពាក្យបណ្តឹងថា Google បានបិទការរកប្រាក់ពីការផ្សាយពាណិជ្ជកម្មពី Channel YouTube ផ្លូវការរបស់ខ្លួនដោយខុសច្បាប់ នឹងគ្មានការបញ្ជាក់ពីមូលហេតុជាក់លាក់ ខណៈដែលរូបលោកបានធ្វើការបង់ប្រាក់ជាប្រចាំខែទៅលើការប្រើប្រាស់សេវាកម្មបង់ប្រាក់ YouTube។

យ៉ាងណាជុំវិញបញ្ហានេះនៅមិនទាន់មានការឆ្លើយតបពី Google នៅឡើយនោះទេ ខណៈដែលមេធាវីរបស់ Jota កំពុងតែព្យាយាមទាក់ទងទៅ Google ឱ្យប្រាប់ពីមូលហេតុច្បាស់អំពីករណីនេះ។ បញ្ហាបិទមុខងាររកប្រាក់ពីការផ្សាយពាណិជ្ជកម្ម ដោយគ្មានហេតុផលជាក់លាក់នេះ បានកើតឡើងជាច្រើនករណីនៅអេស្ប៉ាញ នឹងត្រូវបានគេរំពឹងថា ប្រសិនបើបណ្តឹងរបស់ Jota ទទួលបានជោគជ័យ នោះអាចនឹងជួយដល់អ្នកបង្កើតមាតិកាផ្សេងទៀត ដែលបានជួបករណីដូចគ្នានេះ។

គួរបញ្ជាក់ដែរថា Google ចាប់ផ្តើមបិទផ្លូវរកប្រាក់របស់ Jota នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៣នេះ ហើយគិតមកដល់ពេលនេះមានរយៈពេលជាង ៤ខែមកហើយ ហើយថែមទាំងបានដកប្រាក់ដែល Jota រកបានពីការផ្សាយពាណិជ្ជកម្មមុនខែសីហាថែមទៀតផង៕