(ឡុងដ៍)៖ ខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែបម្រើ Martin Odegaard របស់ក្លិបកាំភ្លើងធំ Arsenal បានជាសះស្បើយ និងវិលត្រឡប់ចូលហ្វឹកហាត់វិញ ដើម្បីត្រៀមប្រកួតទល់នឹងក្លិប Brentford នៅ Premier League នាថ្ងៃសៅរ៍នេះ។ នេះបើតាមសម្តីអ្នកចាត់ការក្លិប Arsenal លោក Mikel Arteta ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទាំងកីឡាករ ​Jesus និង Odegaard បានខកខានការប្រកួតក្នុងលីគចំនួន ២លើកចុងក្រោយ ដោយសារតែបញ្ហារបួស ប៉ុន្តែ Jesus បានលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល ដែលបានចាញ់​ ១-០ ក្រោមថ្វីជើងក្រុមអាហ្សង់ទីនសប្តាហ៍នេះ បន្ទាប់ពីជាសះស្បើយពីរបួសសរសៃពួរ។

«យើងមានការហ្វឹកហាត់មួយនៅថ្ងៃសុក្រ ដោយគាត់បានធ្វើយ៉ាងល្អ។ យើងរំពឹងថា Odegaard នឹងអាចប្រកួតបាន»។ នេះបើតាមសម្តីលោក Arteta បានប្រាប់អ្នកសារព័ត៌មាន មុនការប្រកួតនៅថ្ងៃសៅរ៍ នាកីឡដ្ឋាន Community Stadium។

«Jesus អាចប្រកួតបាន។ គាត់បានលេង ៩៧នាទីក្នុងការប្រកួតមួយ។ ខ្ញុំត្រូវពិនិត្យមើលគ្រប់កីឡាករទាំងអស់ ដើម្បីចម្រាញ់យកកីឡាករល្អលេងក្នុងជម្រើសដំបូង»

ក្រុមកំពុងឈរនៅចំណាត់ថ្នាក់ទី៣ Arsenal អាចដណ្តើមបានតំណែងកំពូលក្នុងតារាង Premier League មកវិញ ប្រសិនបើពួកគេយកឈ្នះ Brentford នៅពេល Manchester City និងក្លិប Liverpool បញ្ចប់ក្នុងលទ្ធផលស្មើគ្នានោះ៕