(អ៊ីស្តង់ប៊ុល)៖ អតីតខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Mario Balotelli កំពុងស្ថិតក្នុង ស្ថានភាពសុខភាពល្អទេ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរបស់លោក។ នេះបើតាមក្លិបតួកគីដែលលោកកំពុងលេង Adana Demirspor ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សារព័ត៌មាន Giornale di Brescia បានចុះផ្សាយថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅទីក្រុង ​Brescia ប្រទេសអ៊ីតាលី ជាទីកន្លែងកំណើតរបស់ Balotelli កាលពីថ្ងៃពុធកន្លងទៅ នៅពេលលោកបានបើកបុករនាំងចែកទ្រូងផ្លូវ។

មិនមានអ្នកណាផ្សេងទៀត ស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់នេះនោះទេ ហើយកីឡាករវ័យ ៣៣ឆ្នាំនេះ អាចដើរចេញពីរថយន្តខ្លួនឯងបាន ដែលរថយន្តនោះបានខូចខាតធ្ងន់ធ្ងរ។

«យើងចង់បញ្ជាក់ថា កីឡាកររបស់យើង Mario Balotelli ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃពុធ នៅប្រទេសរបស់គាត់នោះ (អ៊ីតាលី) ពុំមានរងរបួសអ្វីទេ ហើយកំពុងសម្រាកនៅផ្ទះរបស់គាត់ ដោយពុំមានបញ្ហាសុខភាពអ្វីដែរ»។ នេះបើតាមក្លិបលេងនៅលីគកំពូលតួកគី Super Lig បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍៕