(ឡុងដ៍)៖ កីឡាករ Christopher Nkunku ជិតជាសះស្បើយពីរបួសជង្គង់ហើយ ដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានអវត្តមានពីទីលាន ចាប់តាំងពីមុនពេលចាប់ផ្តើមរដូវកាលនេះមកម្ល៉េះ ប៉ុន្តែនឹងមិនមានឈ្មោះក្នុងក្រុម Chelsea ពេលប៉ះគូប្រជែង Newcastle United នោះទេ។ នេះបើតាមសម្តីអ្នកចាត់ការទូទៅ លោក Mauricio Pochettino ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

Nkunku ដែលបានចុះកិច្ចសន្យាជាមួយ Chelsea ផ្ទេរមកពីក្លិប RB Leipzip កាលពីខែកក្កដានោះ បានទទួលការវះកាត់របួសជង្គង់ ក្នុងការប្រកួតមិត្តភាពមុនរដូវកាលថ្មីចាប់ផ្តើម ប៉ុន្តែថ្មីៗនេះ បានវិលត្រឡប់ចូលហ្វឹកហាត់វិញ ហើយក៏រំពឹងថា នឹងអាចចូលរួមប្រកួតវិញ បន្ទាប់ពីឈប់សម្រាក ដើម្បីលេងឱ្យជម្រើសជាតិ។

«កាលពីសប្តាហ៍មុន លោកបានចូលរួមក្នុងការហ្វឹកហាត់ជាច្រើនលើក ប៉ុន្តែលោកមិនទាន់ជាសះស្បើយពេញលេញ ដើម្បីចូលរួមប្រកួតវិញបាននោះទេ» នេះបើតាមសម្តីលោក Pochettino។

ជាមួយគ្នានោះ Romeo Lavia ជាកីឡាករម្នាក់ទៀត ដែលមិនទាន់បានបង្ហាញខ្លួនលើកដំបូងរបស់លោក សម្រាប់ក្លិប Chelsea នៅឡើយទេ ចាប់តាំងពីការចុះកិច្ចសន្យាមក ដោយខ្សែការពារសញ្ជាតិប៊ែលហ្ស៊ិករូបនេះ បានអវត្តមានដោយសាររបួសកជើង។

​សូមជម្រាបថា Chelsea កំពុងឈរនៅលេខរៀងទី១០ ក្នុងតារាង Premier League មាន ១៦ពិន្ទុ ហើយនឹងធ្វើដំណើរទៅជួបក្លិប Newcastle សប្តាហ៍នេះ៕