(សៀមរាប)៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតិសហព័ន្ធគុនខ្មែរអន្ដរជាតិ (KIF) នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងសៀមរាប ដើម្បីបង្ហាញនូវវឌ្ឍនភាពការងារ ពិសេសគឺការដាក់ចេញនូវគោលការណ៍យុទ្ធសាស្ដ្រមួយចំនួន ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍន៍ «គុនខ្មែរ» លើឆាកអន្ដរជាតិ។

មហាសន្និបាតខាងលើត្រូវរៀបចំឡើង ១ថ្ងៃមុនការប្រកួតប្រដាល់គុនខ្មែរអន្ដរជាតិជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ ដែលនឹងត្រូវរៀបចំការប្រកួតលើទឹកដីអង្គ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយមានកីឡាករ-កីឡាការិនីជិត ៧០នាក់ មកពី ១៧ប្រទេសចូលរួម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាស្ថាបនិក KIF បានឲ្យដឹងថា មហាសន្និបាតរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិឆ្នាំនេះ មានប្រតិភូចូលរួមជាង ២០ប្រទេស ដើម្បីពិភាក្សាលើការងារសំខាន់ៗ ស្របពេលកម្ពុជានឹងចេញគោលការណ៍ឲ្យប្រទេសសមាជិកទាំងអស់មានលទ្ធផលទទួលធ្វើម្ចាស់ផ្ទះគុនខ្មែរជើងឯកពិភពលោក ចាប់ពីឆ្នាំ២០២៥ តទៅ។

លោកថា «ការធ្វើបែបនេះ យើងនឹងទទួលបានជោគជ័យ បានន័យថា គុនខ្មែរ ទៅដល់ប្រទេសណា នឹងបង្កភាពភ្ញាក់ផ្អើល និងទាក់ទាញការគាំទ្រកាន់តែខ្លាំង រួមទាំងបណ្ដាប្រទេស ឬតំបន់ នៅជិតខាងប្រទេសជាម្ចាស់ផ្ទះនោះផង។ នេះជាទស្សនៈវិស័យនៃគោលការណ៍រដ្ឋបាល និងទំនាក់ទំនងអន្ដរជាតិរបស់យើង ដើម្បីពង្រីកសក្ដានុពលគុនខ្មែររបស់យើង តាមរយៈនៃការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោកនេះឲ្យទៀងទាត់ ហើយកាន់តែធំឡើងៗរៀងរាល់ឆ្នាំ»

«មហាសន្និបាតនេះ សំខាន់មែនទែន គឺយើងនឹងសម្រេចគោលដៅសំខាន់របស់សហព័ន្ធគុនខ្មែរអន្ដរជាតិទៅថ្ងៃអនាគត។ យើងដាក់ចេញនូវគោលការណ៍យុទ្ធសាស្ដ្រគុនខ្មែរអន្ដរជាតិរបស់យើងឲ្យប្រទេសផ្សេងៗ គាត់យកទៅអនុវត្ត ពិសេសយើងត្រៀមបញ្ចូលប្រទេសមួយចំនួន នៅតាមទ្វីបនីមួយៗ ឲ្យគាត់ធ្វើជាអ្នកដឹកនាំជាមួយយើង បានន័យថា បញ្ចូលគាត់ធ្វើជាអនុប្រធាន ទៅតាមតំបន់ ឬទ្វីប ដើម្បីលើកកម្ពស់ពួកគាត់ឲ្យមានកិត្តិយសក្នុងការចូលរួមដឹកនាំ គ្រប់គ្រងគុនខ្មែរ នៅលើពិភពលោក»។ លោក វ៉ាត់ ចំរើន បន្ថែម។

ក្រឡេកទៅចាប់អារម្មណ៍ ការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៤ ដែលនឹងធ្វើឡើង ៣ថ្ងៃជាប់គ្នា បន្ទាប់ពីមហាសន្និបាត KIF វិញ គឺមានកីឡាករបរទេស ៣៩រូប មកពី ១៦ប្រទេសចូលរួម ក្នុងនោះមានរុស្ស៊ី, ម៉ូរីស ជប៉ុន កាហ្សាក់ស្ថាន ឥណ្ឌា អ៊ីរ៉ង់ អូស្ដ្រាលី អាហ្សង់ទីន កាមេរ៉ូន ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងឡាវជាដើម។ ក្រៅពីនេះ ក៏មានកីឡាករ-កីឡាការិនីម្ចាស់ផ្ទះកម្ពុជា ២៥រូប ដែលត្រូវធ្វើការប្រកួតប្រជែងខ្សែក្រវាត់ ៦កម្រិត និងការប្រកួតមិត្តភាពអន្ដរជាតិ រួមទាំងការប្រកួតថ្នាលក្មេងៗផងដែរ។

គួរដឹងថា បច្ចុប្បន្នសហព័ន្ធគុនខ្មែរអន្ដរជាតិ (KIF) គឺមានសមាជិកជាង ៦០ប្រទេសលើពិភពលោក ដែលចំនួននេះ មានការកើនឡើងខ្លួន បន្ទាប់ពី គុនខ្មែរ ត្រូវបានដាក់បញ្ចូល និងរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្មីៗ។ បែបនេះក្ដី កម្ពុជាបាននឹងកំពុងខិតខំ ដើម្បីពង្រីកក្បាច់គុនបុរាណខ្មែរនេះ ទៅបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីបង្កើនសមាជិក ក្នុងគោលដៅឆ្ពោះទៅរកការទទួលស្គាល់ពីអូឡាំពិកអាស៊ី ក៏ដូចជាឈានទៅដល់កម្រិតអូឡាំពិកនាថ្ងៃអនាគត៕