(ភ្នំពេញ)៖ ក្រុមបាល់ទាត់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ (ថ្នាក់ខេត្ត) ឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ២-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រលប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ។

ជំនួបវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមបងប្អូនខាងលើ បានទាក់ទាញអ្នកគាំទ្រមកពីខេត្តរៀងៗខ្លួនយ៉ាងច្រើនកុះករ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម សុទ្ធតែរកបាននៅវគ្គទី១ ដោយកីឡាករ សុខ ម៉ានសូត្រ នៅនាទី១៣ និងកីឡាករ ភី ណូរី នៅនាទី២៩។ បន្ទាប់មកត្បូងឃ្មុំ ក៏បានព្យាយាមវាយបកខ្លាំងផងដែរ តែមិនអាចទម្លាយរបាំងការពារក្រុមមកពីខេត្តភូមិផងរបងជាមួយគ្នានេះបានឡើយ។

នេះជាលើកដំបូង ដែលក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ។ ក្នុងក្រុមជើងឯក ខេត្តកំពង់ចាម បានទទួលពាន ១ អមមេដាយមាស និងប្រាក់រង្វាន់ ២០លានរៀល គ្រាដែលក្រុមជើងឯករង ខេត្តត្បូងឃ្មុំ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ១០លានរៀល និងលេខ៣ បានទៅខេត្តបន្ទាយមានជ័យ ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៨លានរៀល៕