(បរទេស)៖ ក្រុមហ៊ុន HDM Global ដែលជាក្រុមហ៊ុនមេរបស់ Nokia បានប្រកាសថា ខ្លួនទទួលបានចំណាត់កំពូលនៃទីផ្សារស្មាតហ្វូននៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣នេះ ជាមួយនឹងស្មាតហ្វូនដែលមានលក្ខណៈពិសេសគឺ ផ្តោតសំខាន់ទៅលើការពង្រឹងមុខងារសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពពីក្រុមហ៊ុនវិភាគទីផ្សារស្មាតហ្វូន IDC បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ នេះ HDM បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនខ្ទង់ ៣០.៧ភាគរយ និងកើនឡើងចំនួនលក់ស្មាតហ្វូនដល់ទៅ ២២.៤ភាគរយឯណោះ។

ជាផ្នែកមួយនៃភាពជោគជ័យនេះ HDM បាននិយាយថា មានកត្តារួមផ្សំសំខាន់ៗ ៤យ៉ាងដែលបានចូលរួមដល់ការលក់របស់ Nokia រួមមាន ការដាក់ដំណើរការជាមួយមុខងារសុវត្ថិភាព UPI (Unified Payments Interface) កែលម្អរូបរាងថ្មី គុណភាពខ្ពស់ក្នុងតម្លៃសមរម្យ និងជាម៉ាកយីហោដែលមានប្រវត្តិយូរឆ្នាំ។

គួរជម្រាបដែរថា ចំណាត់ថ្នាក់នេះគឺបានមកពីការលក់ស្មាតហ្វូនរបស់ Nokia ម៉ូដែល Feature Phone រួមមាន Nokia 105, Nokia 110, Nokia 110 4G, Nokia XpressAudio និង Nokia 2660 Flip ហើយក្រុមហ៊ុនមានបំណងបង្កើនគុណភាពរបស់ខ្លួនបន្ថែមទៀតដើម្បី រក្សាតំណែងឈានមុខគេនៅក្នុងទីផ្សារទូរស័ព្ទ Feature Phone៕