(អាមេរិក)៖ ពិធីបុណ្យ Thanksgiving គឺជាទិវាជាតិមួយរបស់សហរដ្ឋអាមេរិក ខណៈក្នុងឆ្នាំនេះត្រូវប្រារព្ធឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកា។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺមាន ប៉េងប៉ោងរូបតុក្កតាធំៗ ប៉ុនអគារជាច្រើន ត្រៀមបង្ហាញខ្លួនក្នុងក្បួនដង្ហែប្រចាំឆ្នាំសម្រាប់ពិធីបុណ្យ Thanksgiving នៅទីក្រុងញូវយ៉ក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CBS News នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពិធីបុណ្យនេះត្រូវគេសន្មត់ថា មានដើមកំណើតដំបូងកាលពីឆ្នាំ១៦២១ ក្នុងទម្រង់ជាពិធីជប់លៀង ក្នុងឱកាសប្រមូលផលដំណាំរួចរាល់ នារដូវស្លឹកឈើជ្រុះ ដែលរៀបចំឡើងនៅឯក្រុងផ្លៃម៉ោស (Plymouth) ដោយក្រុមអ្នកតាំងអាណានិគមអង់គ្លេស និងក្រុមកុលសម្ព័ន្ធជនជាតិដើមអាមេរិក វ៉ាមផាណូអាក (Wampanoag)។ ក្នុងឆ្នាំ២០២៣ នេះ មានប៉េងប៉ោងខ្នាតយក្សសរុបចំនួន២៥ និងពោងចំនួន ៣១ នឹងត្រូវដង្ហែតាមដងវិថី West 77th Street និងឧទ្យាន Central Park West នៅថ្ងៃទី ២៣ ខែវិច្ឆិកា នៅវេលាម៉ោង ៨និង៣០នាទីព្រឹកម៉ោងនៅអាមេរិក ហើយនឹងបញ្ចប់នៅខាងក្រៅបរិវេណ Macy's Herald Square (ម៉េស៊ី ហ៊ើរ៉ល ស្ខ្វែ) នៅពេលថ្ងៃត្រង់។

គួរជម្រាបថា Thanksgiving មានអាយុកាលចំណាស់បំផុតលំដាប់ទី២ របស់សហរដ្ឋអាមេរិក និងត្រូវបានគេចាត់ទុកថា ជាទិវាជាតិមួយរបស់សហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំក្បួនដង្ហែនេះ តែងមានអ្នកចូលរួមទស្សនាច្រើនកុះករ ជាពិសេសសម្រាប់អ្នកគាំទ្រភាពយន្តតុក្កតាគំនូរជីវចល៕