(បរទេស)៖ កន្លងមកធ្លាប់ពាក្យចចាមអរ៉ាមជាច្រើនដែលថា Apple គ្រោងនឹងនាំយកមុខងារស្កេនក្រយ៉ៅដៃ ឬ Touch ID មកប្រើនៅលើ iPhone ជំនាន់បន្ទាប់របស់ខ្លួន ដែលរំលឹកទៅដល់មុខងារអតីតកាល។ តែយ៉ាងណាមុខងារនេះត្រូវបានគេរាយការណ៍មកថា Apple មិនមានគម្រោងដាក់ឱ្យប្រើប្រាស់បន្តទៀតនោះទេ ពោលគឺ Apple យកពេលទៅអភិវឌ្ឍន៍លើបច្ចេកវិទ្យា Face ID វិញជំនួសឱ្យការត្រឡប់ទៅមុខងារចាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

មុខងារ Touch ID ត្រូវបាន Apple ដាក់ឱ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ២០១៣ នៅលើ iPhone 5s ហើយ Apple បាននឹងកំពុងលុបចោល Touch ID ជាបណ្តើរៗក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ iPhone X គឺជា iPhone ដំបូងគេដែលមិនមានមុខងារនេះ។ គិតត្រឹមឆ្នាំ២០១៧ Apple បានងាកទៅសាកល្បងមុខងារ Face ID ជំនួសវិញ នឹងឃើញថា Apple ពិតជាពេញចិត្តយ៉ាងពេញទំហឹងលើមុខងារនេះរហូតមកដល់បច្ចុប្បន្ន។

Face ID គឺជាប្រព័ន្ធសម្គាល់ផ្ទៃមុខដែលបង្កើតឡើងដោយ Apple ផ្ទាល់ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោះសោ iPhone ឬ iPad Pro ធ្វើការបង់ប្រាក់ និងចូលប្រើទិន្នន័យផ្សេងៗ ឬចូលប្រើគណនីធនាគារដោយគ្រាន់តែប្រើផ្ទៃមុខ។

គួរជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Apple បាននឹងកំពុងអភិវឌ្ឍន៍ទៅលើ Face ID ខ្លាំង ហើយកាលពីពេលថ្មីៗនេះក៏ទទួលបានដំណឹងថា Apple មានគម្រោងប្តូរទីតាំង Face ID មកខាងក្រោយអេក្រង់ iPhone ផងដែរ៕