(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ (ថ្នាក់ខេត្ត) ឆ្នាំ២០២៣ នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកានេះ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា (អយក) ខេត្តកំពង់ចាម និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា (អយក) ខេត្តត្បូងឃ្មុំ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក។

លោក អ៊ីវ សារី គ្រូបង្វឹកក្រុម អយក ខេត្តត្បូងឃ្មុះ បានចាត់ទុកការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ប្រៀបដូចជាជំនួបរវាងបង និងប្អូន (បង គឺខេត្តកំពង់ចាម និងប្អូន គឺខេត្តត្បូងឃ្មុំ) ព្រោះជាអតីតខេត្តរួមតែមួយ)។ តែយ៉ាងណាក្រុមទាំងពីរ ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីពាន និងកិត្តិយសជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តដែរ។ ដូច្នេះលោកជឿជាក់ថា ការប្រកួតល្ងាចនេះ ពិតជាមានភាពស្វិតស្វាញខ្លាំងឡើង។

ចំណែកលោក ងួន បូរី គ្រូបង្វឹកក្រុម អយក ខេត្តកំពង់ចាម បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ទោះបីវគ្គចែកពូល ក្រុមខ្លួនចាញ់ត្បូងឃ្មុំ ទាំង ២ជើង (២-០) ដោយលទ្ធផលដ៏ប្រផិតប្រផើយយ៉ាងណា តែលោកសង្ឃឹមវគ្គផ្ដាច់ព្រ័ត្រនេះ កីឡាករខេត្តកំពង់ចាម នឹងធ្វើបានល្អ ដើម្បីដណ្ដើមជ័យជម្នះត្រឡប់មកវិញ ពិសេសគឺការប្រជែងពានជូនខេត្ត បន្ទាប់ពីក្រុមខ្លួនបានឈានដល់វគ្គផ្ដាច់ព្រ័ត្រលើកដំបូងនេះ។

សូមបញ្ជាក់ថា ជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមទាំងពីរ នឹងធ្វើឡើងនាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសំបុត្រទស្សនាមានលក់សម្រាប់កន្លែងអង្គុយតំបន់ A ខណៈតំបន់ B ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី។ ប៉ុន្ដែមុនឈានដល់ការប្រកួតដណ្ដើមជើងឯកនេះ ក៏មានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ នាម៉ោង ៣៖៣០នាទីរសៀលផងដែរ៕