(បរទេស)៖ ថ្លែងក្នុងបទសម្ភាសន៍ កីឡាករវាយកូនបាល់ទោល Novak Djokovic បានប្រាប់ទៅក្រុមអ្នកគាំទ្រអង់គ្លេសឱ្យ «បិទមាត់» នៅពេលស៊ែប៊ីបានយកឈ្នះពួកគេ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Davis Cup 2023។

ក្រុមកីឡាករស៊ែប៊ី ដែលមានជើងខ្លាំងលំដាប់លេខ១ ពិភពលោក Djokovic ផងនោះ បានទម្លាក់គូប្រជែងអង់គ្លេសចេញពី Davis Cup ឆ្នាំនេះត្រឹមវគ្គ ៨ក្រុមចុងក្រោយ តាមរយៈលទ្ធផលឈ្នះ ២ទល់នឹង០ នាយប់មិញនេះ នៅពេលកីឡាករលំដាប់ជួរមុខអង់គ្លេស Cameron Norrie ពុំអាចធ្វើអ្វីស៊ែប៊ីបានឡើយ។

Djokovic បានថ្លែងទៅកាន់អ្នកគាំទ្រអង់គ្លេសថា «អ្នកគួរតែរៀនសូត្រអំពីការគោរពខ្លះផង។ មានពេលខ្លះ ការបញ្ចេញកាយវិការរបស់អ្នក វាលើសហើយ»

អង់គ្លេស ដែលបានឈ្នះពាន Davis Cup ចុងក្រោយក្នុងឆ្នាំ២០១៥ មិនអាចឡើងទៅវគ្គចាញ់-ធ្លាក់ដោយស្វ័យប្រវត្តិ បានទេក្នុងឆ្នាំ២០២៤ ខាងមុខ នៅពេលពួកគេហាលអាវត្រឹមវគ្គ ៨ក្រុមលើកនេះនៅទីក្រុង Malaga ប្រទេសអេស្ប៉ាញ ដរាបណាមិនទទួលបានលិខិតអនុគ្រោះនោះ (wildcard)៕