(កូរ៉េ)៖ ក្រុមចម្រៀងនារី BLACKPINK បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត ក្នុងឧស្សាហកម្មតន្ត្រី K-pop ជាមួយនឹងអាល់ប៊ុមឆ្នាំ២០២០ របស់ពួកគេចំណងជើងថា «The Album»។ អាល់ប៊ុមនេះ ត្រូវបានរាយការណ៍មកថា ក្លាយជាស្នាដៃដំបូងរបស់ក្រុម K-pop មានសមត្ថភាពអាចឈរបានរហូតដល់១ពាន់ថ្ងៃ លើតារាងអាល់ប៊ុម iTunes ទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន All K-POP នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

«The Album» មិនត្រឹមតែបំបែកឯតទគ្គកម្មជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវទិដ្ឋភាព នៃភាពចាស់ទុំជាងមុនរបស់ BLACKPINK ផងដែរ។ បទចម្រៀងនេះបង្កប់នូវអារម្មណ៍ជាច្រើន ដោយឆ្លុះបញ្ចាំងពីបទពិសោធន៍របស់នារីវ័យក្មេង នៅពេលពួកគេធ្វើដំណើរឆ្លងកាត់ដំណាក់កាលផ្សេងៗនៃជីវិត រហូតឈានដល់ការមានភាពល្បីល្បាញ និងជោគជ័យដូចពេលបច្ចុប្បន្ន។

រហូតមកទល់ពេលនេះសមិទ្ធផលរបស់ពួកគេ «The Album» ចំណាយពេល ១,០០០ថ្ងៃ គួរឲ្យកត់សម្គាល់នៅលើតារាងអាល់ប៊ុម iTunes ទូទាំងពិភពលោក។ ស្នាដៃនេះបានក្លាយជាអាល់ប៊ុមដំបូង និងតែមួយគត់របស់ក្រុមចម្រៀង K-pop ដើម្បីឈានទៅដល់ចំណុចសំខាន់នេះ ដែលជាសក្ខីភាពដល់ប្រជាប្រិយភាពយូរអង្វែងរបស់ BLACKPINK ផងដែរ៕