(ខាឌីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិវ៉េល ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែងហ្វាំងឡង់ ក្នុងការប្រកួតជម្រុះ Euro 2024 ជុំទី២ ជាបន្តទៀតនៃវគ្គ ៤ក្រុមចុងក្រោយ ក្នុងការប្រជែងកៅអីទៅប្រទេសអាល្លឺម៉ង់នាឆ្នាំក្រោយនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា វ៉េលដែលបានឈានដល់វគ្គ ៤ក្រុមកាល Euro 2016 នៅប្រទេសបារាំងនោះ នឹងបើកទ្វារកីឡដ្ឋានស្ថិតក្នុងទីក្រុង Cardiff របស់ខ្លួន ដើម្បីទទួលស្វាគមន៍ហ្វាំងឡង់ នារាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដើម្បីប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវប៉ះប៉ូឡូញ ឬអេស្តូនី សម្រាប់ ៥ថ្ងៃបន្ទាប់ផងដែរ។

វ៉េល ដែលមានកីឡាករសំខាន់ Aaron Ramsey ជាប្រធានក្រុមផងនោះ បានធ្លាក់មកលេងវគ្គជម្រុះក្នុងជុំទី២ ក៏ព្រោះតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ប្រចាំពូល D នៅពេលលេងស្មើលទ្ធផល ១-១ ទល់នឹងតួកគី គ្រាដែលក្រូអាត យកឈ្នះអាមេនី ១-០ នៅថ្ងៃបិទវគ្គសន្សំពិន្ទុតាមពូលរួចមក។

នៅចាំបានថា វ៉េលក៏ជាក្រុមដែលបានឆ្លងផុតវគ្គជម្រុះ ដើម្បីឡើងទៅលេង World Cup 2022 នៅប្រទេសកាតាផងដែរ តាមរយៈការយកឈ្នះគូប្រជែងអូទ្រីស និងអ៊ុយក្រែន ក្រោយពេលពួកគេបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ កាលពីឆ្នាំ១៩៥៨។

រំលឹកផងថា នៅព្រឹត្តិការណ៍ Euro 2020 ក្រុមជម្រើសជាតិវ៉េល បានឡើងទៅកាន់វគ្គបន្តចេញពីពូល A ឈរលេខរៀងទី២ ដ្បិតបានបានហាលអាវនៅត្រឹមវគ្គ ១៦ក្រុមចុងក្រោយ៕