(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានឧបត្ថម្ភថវិកាសរុបចំនួន ៥០ម៉ឺនដុល្លារ ជូនសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ។ ការប្រកាសជួយឧបត្ថម្ភជាទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មាន ជូនសហព័ន្ធកីឡាបាល់ទះកម្ពុជា របស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងនៅក្នុងកម្មវិធី ដំណើរទស្សនៈកិច្ចរបស់ប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ បាល់ទះពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ មកកាន់រោងចក្រ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ក្រៅពីបានប្រកាសពីទំហំទឹកប្រាក់ ៥០ម៉ឺនដុល្លារ ជួយលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា ក្នុងរយៈពេលវែង ៥ឆ្នាំ នេះហើយ ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១៩ វិច្ឆិកា កន្លងទៅ ក៏ទើបតែប្រគល់ប្រាក់រង្វាន់សរុបចំនួន ៨២លានរៀល ជូនក្រុមបាល់ទះម្ចាស់ជ័យលាភីលេខ១ ដល់លេខ ៣ នៃការប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ក្រោមវត្តមានសម្ដេចអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធបាល់ទះកម្ពុជា និងភ្ញៀវកិត្តិយស និងអ្នកស្រឡាញ់គាំទ្រវិស័យបាល់ទះ  ជាច្រើនផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា កីឡាបាល់ទះពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣នេះ ក្រុមម្ចាស់ពានមេដាយមាសលេខ១ បានទៅលើក្រុម សមាគមបាល់ទះក្រសួងមហាផ្ទៃ B ដោយទទួលបានថវិកា ចំនួន ៥០លានរៀល, ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ និងថវិកាចំនួន ២០លានរៀល និងក្លិបបញ្ជាការដ្ឋានកងអង្គរក្ស ទទួលបានជ័យលាភីលេខ៣ និងថវិកាចំនួន ១២លានរៀល។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលមានសហគ្រិនជាជនជាតិខ្មែរ ១០០% និងបានឈរជើងលើទីផ្សារអស់រយៈពេលជាង ១៤ឆ្នាំ នៅកម្ពុជា។ ក្រុមហ៊ុន ផលិតភេសជ្ជៈស្តង់ដារអន្តរជាតិ ដែលជាពាណិជ្ជកម្មមួយ ក្នុងចំណោមពាណិជ្ជកម្មផ្សេងៗទៀត របស់ក្រុមហ៊ុន ជីប ម៉ុង មួយនេះ បានខិតខំប្រឹងប្រែងវិនិយោគលើគ្រឿងចក្រខ្នាតធំ គ្រឿងផ្សំល្អឥតខ្ចោះ និងបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ពីជុំវិញពិភពលោក ដើម្បីអភិវឌ្ឍគុណភាពសង្វាក់ផលិតកម្ម បណ្ដុះជំនាញ និងបទពិសោធន៍ថ្មីៗដល់យុវជនខ្មែរ ជាពិសេសធានាបាននូវភេសជ្ជៈគុណភាពកម្រិតពិភពលោកជូនអតិថិជន។

តាមរយៈការយកផលិតផលរបស់ខ្លួនទៅចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលកន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿងច្រើនជាងគេ ពីស្ថាប័នអន្តរជាតិវាយតម្លៃគុណភាព Monde Selection និងវិញ្ញាបនប័ត្រ២ធំៗ គឺ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោកថែមទៀតផង៕