(ភ្នំពេញ)៖ យុវសិស្ស ណុព្វ ស៉ីថានិត បញ្ញាពល និងសមាជិកក្រុមរបស់គេ ២នាក់ទៀត រួមមាន៖ យុវសិស្សឈ្មោះ មាស រ៉ានិស្សា ភេទស្រី មកពីសាលា American Intercon School (AIS) (កម្ពុជា) និងយុវសិស្សឈ្មោះ ហ្វ៉ាត់ម៉ា ហ៉្វាហ្វី (Fatma Wafi) ភេទស្រី មកពីសាលា Al Ittihad Private School (ប្រទេសអារ៉ាប់រួម) បានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Scholars’ Cup -Tournament of Champions ដែលធ្វើឡើងនៅឯសាកលវិទ្យាល័យ យ៉េល (Yale University) សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៣-៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Scholars’ Cup -Tournament of Champions នេះមានសិស្សចូលរួមចំនួន ២ ៥៨៦នាក់មកពីប្រទេសចំនួន ៤៧ ជុំវិញពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាយើងផងដែរ។

អ្វីដែលគួរឱ្យអបអរសាទរ និងស្ងើចសរសើរនោះ យុវជនកម្ពុជារូបនេះ និងក្រុមរបស់គេសរុប ៣នាក់ បានឈ្នះពាន និងមេដាយសរុប ២៧គ្រឿង ក្នុងនោះមាន៖ ១. ពានមាស ០១ គ្រឿង, ២. មេដាយមាស ១៦គ្រឿង, ៣. មេដាយប្រាក់ ១០គ្រឿង ពីការប្រកួតពានរង្វាន់បញ្ញាវន្តពិភពលោក ឆ្នាំ២០២៣នេះ។

ហើយបើគិតចំពោះបុគ្គល បញ្ញាពល វិញរូបគេទទួលបានមេដាយសរុបចំនួន១០ រួមមាន៖ ១. ពានមាស ០១ គ្រឿង, ២. មេដាយមាស ០៥ គ្រឿង និង៣. មេដាយប្រាក់ ០៤ គ្រឿង។

សូមជម្រាបផងដែរថា យុវសិស្ស ណុព្វ ស៉ីថានិត បញ្ញាពល ជាសិស្សរៀនថ្នាក់ទី៩ នៃសាលា SouthBridge International School Cambodia៕