(កូរ៉េ)៖ តារាចម្រៀង Jungkook សមាជិកក្រុម K-pop BTS បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា លោកនឹងចាប់ផ្តើមចូលបម្រើយោធាក្នុងខែធ្នូខាងមុខនេះ បន្ទាប់ពីផលិតកម្មគ្រប់គ្រងរបស់ក្រុមនេះ បាននិយាយថា សមាជិក BTS ទាំង៧នាក់ កំពុងស្ថិតក្នុងដំណើរដើម្បីបំពេញកាតព្វកិច្ចបម្រើជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

BTS កំពុងសម្រាកបណ្ដោះអាសន្ន ចំពោះសកម្មភាពជាក្រុម ខណៈបច្ចុប្បន្ននេះមានសមាជិក៣នាក់ ក្នុងចំណោមសមាជិក៧នាក់ កំពុងបំពេញកាតព្វកិច្ចយោធា។ នៅថ្ងៃពុធសប្តាហ៍នេះតារាចម្រៀង Jungkook បានបង្ហោះសារថា «ខែធ្នូខាងមុខនេះ…ខ្ញុំលាអ្នកទាំងអស់គ្នាមួយរយៈសិនហើយ ដើម្បីទៅបំពេញកាតព្វកិច្ចយោធា។ បន្ទាប់ពីខ្ញុំត្រឡប់មកវិញ ខ្ញុំសន្យាថាខ្ញុំសម្តែងលើឆាក និងមានអ្វីថ្មីជូនអ្នកទាំងអស់គ្នា»

គួរជម្រាបថា ដំណឹងនេះបានធ្វើឲ្យ Jungkook ក្លាយជាសមាជិកទី៤ ក្នុងក្រុម BTS ចូលបំពេញកាតព្វកិច្ចយោធា បន្ទាប់ពី Jin វ័យ៣០ឆ្នាំ ដែលបានចូលកងទ័ពដំបូងគេកាលពីខែធ្នូ ឆ្នាំ២០២២ និង J-Hope វ័យ២៩ឆ្នាំ ជាសមាជិកទី២ បានចូលយោធានៅអំឡុងខែមេសា ឆ្នាំ២០២៣ និងតារាចម្រៀង Suga ចូលយោធាក្នុងខែកញ្ញា ឆ្នាំ២០២៣៕