(បរទេស)៖ បើទោះបីជាទទួលបានរបាយការណ៍ពីចំនួននៃការលក់ស្មាតហ្វូនក្នុងឆ្នាំ២០២៣ កើនឡើងក៏ដោយ ក៏ទីផ្សារស្មាតហ្វូននៅតែជួបបញ្ហាបើធៀបនឹងចំនួនលក់ដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្តែងជាលទ្ធផលចំនួនលក់ស្មាតហ្វូនជាសកលគិតត្រឹមត្រីមាសទី៤ ឆ្នាំនេះ បានធ្លាក់ចុះប្រហែល ៥ភាគរយ ដោយគិតជាចំនួនលក់សរុបបាន ១.១៣លានគ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពពី Canalys បានឱ្យដឹងថា កំណើនស្មាតហ្វូននឹងកើនឡើងនៅឆ្នាំ២០២៤ ខាងមុខវិញ ដោយត្រូវបានគេរំពឹងថា អាចកើនឡើងខ្ទង់ ៤ភាគរយឯណោះ ជាមួយនឹងចំនួនលក់បានសរុបប្រហែល ១.១៧លានគ្រឿង។ ខណៈលទ្ធផលចំនួនលក់ស្មាតហ្វូនចុងឆ្នាំ២០២៣ នេះឃើញថា មានទីផ្សារតិចប៉ុណ្ណោះដែលបានកើនឡើងចំនួនដាក់លក់ក្នុងនោះរួមមាន អាមេរិកឡាទីន (កើនបាន ២ភាគរយ) អាហ្វ្រិក (កើនបាន ៣ភាគរយ) និងមជ្ឈិមបូព៌ា (កើនបាន ៩ភាគយ)។

ខណៈទីផ្សារស្មាតហ្វូនដែលមាននៅក្នុងបញ្ជីធ្លាក់ចុះរបស់ Canalys វិញរួមមាន ទ្វីបអាស៊ីប៉ាស៊ីហ្វិក (បានធ្លាក់ចុះ ៦ភាគរយ) ទ្វីបអឺរ៉ុប (បានធ្លាក់ចុះ ១១ភាគរយ) ចិន (បានធ្លាក់ចុះ ៦ភាគរយ) អាមេរិកខាងជើង (បានធ្លាក់ចុះ ១១ភាគរយ) ប៉ុន្តែក្នុងលទ្ធផលនេះត្រូវបានប្រភពរំពឹងថា នឹងមានកំណើននៅឆ្នាំ២០២៤ ជំនួសវិញ។

គួរបញ្ជាក់ដែរថា មូលហេតុនៃការធ្លាក់ចុះនៃចំនួនលក់ស្មាតហ្វូននេះ មិនមែនជារឿងថ្មីនោះទេដោយ ហេតុផលដ៏ធំនោះដូចទៅនឹងរាល់ឆ្នាំអ៊ីចឹង គឺដោយសារកត្តាវិបត្តិសេដ្ឋកិច្ចពិភពលោក ក៏ដូចជាបញ្ហាខ្សែសង្វាក់ផលិតកម្ម។ យ៉ាងណាមិញចំនួនលក់ស្មាតហ្វូនដែលលក់បានច្រើនជាងគេក្នុងឆ្នាំ២០២៣ នេះ គឺជាប្រភេទស្មាតហ្វូនដែលមានតម្លៃមធ្យមចន្លោះពី ៤៤០ដុល្លារចុះក្រោម៕