(បរទេស)៖ បើតាមព្រះបរមរាជវាំង Buckingham បានឲ្យដឹងថា ស្តេចនៃចក្រភពអង់គ្លេស Charles III នៅថ្ងៃពុធនេះបានប្រគល់ជូនក្រុមចម្រៀង K-Pop BLACKPINK ជាមួយនឹងមេដាយកិត្តិយស នៃចក្រភពអង់គ្លេស នៅចំពោះមុខប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ នៅចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

បន្ទាប់ពីទទួលបានមេដាយកិត្តិយសហើយនោះ សមាជិកក្រុមចម្រៀង BLACKPINK រួមមាន Jennie, Jisoo, Lisa និង Rose បានថតរូបជាមួយស្តេច Charles III, ប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េលោក Yoon Suk Yeol និងស្ត្រីទី១ នៃសាធារណៈរដ្ឋកូរ៉េអ្នកស្រី Kim Keon Hee។ ជាមួយគ្នានេះ ស្តេចនៃចក្រភពអង់គ្លេស Charles III បានលើកសរសើរ BLACKPINK ក្នុងការថ្លែងសន្ទរកថា របស់ទ្រង់ថា «ពិតជាគួរឲ្យយកតម្រាប់តាម នៅពេលដែលឃើញមនុស្សជំនាន់ក្រោយនៅកូរ៉េ បានប្រកាន់ខ្ជាប់យុទ្ធនាការល្អៗ ខ្ញុំសរសើរ Jennie, Jisoo, Lisa និង Rosé ដែលត្រូវបានគេស្គាល់ថាជា BLACKPINK ដែលបានបំពេញតួនាទីរបស់ពួកគេ ជាអគ្គរាជទូត និងផ្សព្វផ្សាយពីសារទាក់ទងនឹងការជួយថែរក្សាបរិស្ថាន ទៅកាន់ទស្សនិកជនទូទាំងពិភពលោក…»

គួរជម្រាបថា BLACKPINK បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយក្នុងខែកក្កដា ដោយក្លាយជាក្រុម K-pop ដំបូងគេ ដែលត្រូវបានផ្តល់កិត្តិយសខ្លាំង ក្នុងមហោស្រពតន្ត្រីដ៏ធំនៅចក្រភពអង់គ្លេស ហើយបានឡើងឆាកនៅឯពិធីបុណ្យរដូវក្តៅ BST Hyde Park នៅកណ្តាលទីក្រុងឡុងដ៍ នៅចំពោះមុខមនុស្សចំនួន ៦៥,០០០នាក់ សម្រាប់ការប្រគំតន្ត្រីនៅទីនោះ។

ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ ក្នុងឆ្នាំ២០១៦, BLACKPINK បានក្លាយជាក្រុមចម្រៀងនារីដ៏ជោគជ័យបំផុតមួយក្នុងពិភពលោក ដោយបំបែកឯតទគ្គកម្ម ដូចជាការក្លាយជាក្រុមចម្រៀង ដែលមានអ្នកចូលទៅ Subscribeច្រើនបំផុតនៅលើ YouTube៕