(ភ្នំពេញ)៖ ខ្សែភាពយន្តថ្មីមួយទៀត មានចំណងជើងថា «១៥រោច» ដែលជាស្នាដៃផលិតរបស់ផលិតកម្ម «កេសារាភាពយន្ត» ដែលមានអ្នកស្រី សរ កេសារា ជាចាងហ្វាងផលិតកម្ម បានប្រកាសដាក់បញ្ចាំងជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅរោងភាពយន្ត Major ផ្សារទំនើបសូរិយា បន្ទាប់ពីភាពយន្តមួយនេះ បានផ្អឹបទុកចោលអស់រយៈពេលជាង៥ឆ្នាំ ដោយសារតែវិបត្តិនៃជំងឺកូវិដ-១៩ ខណៈម្ចាស់ផលិតកម្ម បានអាះអាងថា នឹងនាំភាពយន្តទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ជាពិសេសគឺដាក់បញ្ចាំងជូនបងប្អូនខ្មែររស់នៅអាមេរិក បានទស្សនា។

ចាងហ្វាងផលិតកម្ម «កេសារាភាពយន្ត» អ្នកស្រី សរ កេសារា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ជាការពិតភាពយន្តរឿង «១៥រោច» បានថតតាំងពីឆ្នាំ២០១៨ ហើយកាត់តរួចរាល់ក្នុងឆ្នាំ២០១៩ ប៉ុន្តែពេលនោះក៏ផ្ទុះឡើងនូវជំងឺកូវិដ១៩ ធ្វើឲ្យខកខានដាក់បញ្ចាំងតាំងពីពេលនោះមក។ លោកស្រីថា តាមការពិតអ្នកស្រីចង់ផលិតភាពយន្តបន្តទៀត ឲ្យបានច្រើន ប៉ុន្តែដោយសារឃើញសេដ្ឋកិច្ចធ្លាក់ចុះ ហើយវិស័យជាច្រើនត្រូវបានផ្អាក ជាហេតុធ្វើឲ្យវិស័យភាពយន្តធ្លាក់ចុះ និងជាពេលវេលាដ៏លំបាកមួយ ទើបអ្នកស្រីមិនបានផលិតរឿងបន្តបន្ទាប់ទៀត ហើយបានទៅរស់នៅសហរដ្ឋអាមេរិក ដើម្បីរង់ចាំពេលវេលាសមរម្យណាមួយ មកកម្ពុជាវិញគឺប្រកាសដាក់បញ្ចាំងតែម្ដង។

ខ្សែភាពយន្តរឿង «១៥រោច» ជាភាពយន្តបែបរន្ធត់ ខ្មោចព្រាយបិសាច ហើយមានលក្ខណៈពិសេស គឺបានបង្កប់នូវការអប់រំចំពោះកូនៗ ក្នុងការមើលថែទាំម្ដាយមុនពេលស្លាប់ទៅ ពោលគឺនៅក្នុងសង្គមខ្មែរសព្វថ្ងៃ និងតាំងពីដើមមកការមើលថែទាំម្ដាយ គឺជាកាតព្វកិច្ចរបស់កូនៗ ទាំងអស់គ្នា ប៉ុន្តែក្នុងភាពយន្តនេះ គឺបង្ហាញពីគ្រូសារមួយដែលមានកូន៣នាក់ (ស្រី១ប្រុស២) ដែលកូនស្រីបានធ្វើចំណាកស្រុក ចេញទៅធ្វើការនៅប្រទេសកូរ៉េ ហើយបានផ្ញើលុយឲ្យម្ដាយ ដើម្បីព្យាបាលជំងឺ ប៉ុន្តែត្រូវបានប្អូនប្រុសចំនួន២នាក់ យកទៅវាយខ្ទេចខ្ទីគ្មានសល់ រហូតម្ដាងឈឺស្លាប់ បង្កឲ្យកូនទាំងពីរនោះភ័យខ្លាច និងបានជួបនូវរឿងរ៉ាវរន្ធត់ៗជាច្រើន ជាមួយនឹងព្រលឹងម្ដាយរបស់ខ្លួន ជាពិសេសគឺនៅថ្ងៃ១៥រោច ដែលជាថ្ងៃសីល។

ក្នុងន័យនេះ ភាពយន្តបានបង្ហាញការអប់រំចំពោះកូនៗជំនាន់ក្រោយទាំងអស់ ដែលត្រូវតែមើលថែទាំអ្នកម្ដាយឲ្យបានដិតដល់ ទាន់អ្នកម្ដាយនៅមានជីវិត ព្រោះពេលម្ដាយស្លាប់ទៅ គឺមានតែពាក្យសោកស្ដាយប៉ុណ្ណោះ។ លោកស្រី សរ កេសារា បានបញ្ជាក់ថា ក្រោយបញ្ចាំងចប់នៅក្នុងប្រទេសកម្ពុជា អ្នកស្រីនឹងពាំនាំរឿងនេះ ទៅដាក់បញ្ចាំងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាពិសេសគឺយកទៅដាក់បញ្ចាំងជូនបងប្អូនអនិកជនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកបានទស្សនា ព្រោះបងប្អូននៅទីនោះ គឺចូលចិត្តភាពយន្តខ្មែរបុរាណ ជាពិសេសរឿងអប់រំ និងបែបខ្មោចព្រាយបិសាចជាដើម។

ចំពោះក្ដីរំពឹងថា នឹងទទួលបានជោគជ័យ គឺលោកស្រីមិនហ៊ានសន្និដ្ឋានថា យ៉ាងណានោះទេ ព្រោះនៅក្នុងវិស័យភាពយន្តខ្មែរសព្វថ្ងៃ គឺមានការប្រកួតប្រជែងខ្លាំង ហើយផលិតករក្មេងៗជំនាន់ក្រោយ គឺមានគំនិតច្នៃប្រឌិត និងទេពកោសល្យនៃការផលិតខ្ពស់ ហើយល្អទាំងបច្ចេកទេស ទាំងការសម្ដែង ទាំងការដឹកនាំ ដូច្នេះលោកស្រីទុកឱកាសឲ្យក្មេងៗជំនាន់ក្រោយ ដោយអ្នកស្រីអាចងាកទៅការងារផ្សេង តែក្នុងវិស័យសិល្បៈដូចគ្នា។ លោកស្រីបានអំពាវនាវដល់បងប្អូនខ្មែរ ជួយគាំទ្រវិស័យភាពយន្តខ្មែរឲ្យបានច្រើន ព្រោះការគាំទ្រច្រើន គឺជាការចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តខ្មែរ ឲ្យបានរីកចម្រើនទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ភាពយន្តរឿង «១៥រោច» មានការចូលរួមសម្ដែងដោយតារាសម្ដែងលោក ទេព រិន្ទដារ៉ូ ជាតួឯកប្រុស និងអ្នកនាង ស្វែង សុជាតា ជាតួឯកស្រី ហើយនឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ គ្រប់រោងភាពយន្តទំនើបនានា នៅក្នុងប្រទេសកម្ពុជា៕