(ក្រុងឡុងដ៍)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អង់គ្លេស FA បានប្រកាសពីការបើកការស៊ើបអង្កេតទៅលើក្លិបមាន់ខ្នាយមាស Tottenham Hotspur ក្រោយទទួលបានព័ត៌មានថា បានល្មើសទៅនឹងការផ្ទេរកីឡាករ Jermain Defoe នាអំឡុងឆ្នាំ២០០៨ ទៅកាន់ក្លិប Portsmouth។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា Dailymail បានឱ្យដឹងនៅថ្ងៃនេះថា ក្លិបលេងក្នុង Premier League ខាងលើបច្ចុប្បន្ននេះ នឹងទទួលរងពិន័យ ប្រសិនបើរកឃើញភស្តុតាងថា បានប្រើប្រាស់ភ្នាក់ងារទិញ-ដូរដោយពុំមានអាជ្ញាបណ្ណ (unlicensed agent) ក្នុងការទៅចរចាទិញ-លក់កីឡាករ Defoe ពីក្លិប Spurs ទៅកាន់ Portsmouth ក្នុងតម្លៃ ៧.៥លានផោនកាលឆ្នាំ២០០៨។

ភ្លាមៗនោះដែរ FA ពុំបានចាប់អារម្មណ៍អ្វីទៅលើការដោះដូរ និងប្រតិកម្មអ្វីទៅលើ Spurs ដែរ មុនពេលបែកធ្លាយព័ត៌មានដ៏រសើបនេះកាលពីថ្ងៃពុធម្សិលមិញ។

យោងតាមច្បាប់ FA ដែលបានចែង រាល់ការដោះដូរកីឡាករគ្រប់រូប ត្រូវតែស្ថិតក្រោមភ្នាក់ងារមានអាជ្ញាបណ្ណធ្វើការត្រួតពិនិត្យ និងចែចូវជានិច្ច៕