(បរទេស)៖ លោក Stephen Kenny ត្រូវបានសហព័ន្ធបាល់ទាត់សាធារណរដ្ឋអៀរឡង់ ប្រកាសពីការដកតំណែងរបស់លោកផ្លូវការហើយ ក្រោយពេលមិនអាចជួយក្រុមនៅអឺរ៉ុបមួយនេះ ឡើងទៅលេងជុំចុងក្រោយពាន Euro នៅប្រទេសអាល្លឺម៉ង់នាឆ្នាំក្រោយបាន។

ទន្ទឹមគ្នានោះដែរ បុរសវ័យ ៥២ឆ្នាំខាងលើនេះ ក៏បានសាងកំណត់តា្រដ៏អាក្រក់ផងដែរ មុនពេលចាកចេញពីតួនាទីគ្រូបង្វឹកបង្គោល តាមរយៈលេងឈ្នះតែ ៦លើកប៉ុណ្ណោះ ក្នុងចំណោម ២៩ប្រកួតដឹកនាំសរុបរបស់លោកទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

១ប្រកួតចុងក្រោយរបស់លោក Kenny គឺជាពេលដែលសាធារណរដ្ឋអៀរឡង់ លេងស្មើទល់នឹងក្រុមជម្រើសជាតិ ណូវែលហ្សេឡង់ ក្នុងមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃអង្គារ ដើមសប្តាហ៍នេះ។

លោក Kenny ដែលត្រូវបានតែងតាំងដឹកនាំជម្រើសជាតិសាធារណរដ្ឋអៀរឡង់ជំនួសកន្លែងលោក Mick McCarthy នាអំឡុងខែមេសា ឆ្នាំ២០២០ នោះបានថ្លែងកាលពីថ្ងៃអង្គារផងថា រូបលោកមិនត្រូវបានសហព័ន្ធបន្តកិច្ចសន្យាថ្មីនោះទេ៕