(ភ្នំពេញ)៖ នេះជាមោទនភាពមួយរបស់ប្រជាជនខ្មែរ! នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា សហការី មន្ត្រីទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បានចុះមកធ្វើទស្សកិច្ចដ៏ពិសេស ដើម្បីស្វែងយល់កាន់តែច្បាស់ពីបច្ចេកវិទ្យាដ៏ទំនើបរបស់សង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលវិនិយោគដោយសហគ្រិនខ្មែរ បង្កើតនូវសមិទ្ធិផលខ្មែរ រហូតដល់ទទួលបានកោតសរសើរ និងទទួលស្គាល់ពីអន្តរជាតិខ្លាំងជាបន្តបន្ទាប់។  

លោក Stefan Messerer បានបង្ហាញពីសេចក្តីសោមន្សរីករាយដែលបានមកទស្សនាសង្វាក់ផលិតកម្មដ៏អស្ចារ្យទាំងមូលរបស់ ខ្មែរ ប៊ែវើរីជីស និងការពង្រីករោងចក្រដំណាក់កាលទី៤ ដែលកំពុងស្ថិតក្រោមការសាងសង់ ហើយលោកក៏បានជួបសំណេះសំណាលជាមួយអ្នកជំនាញជនជាតិអាល្លឺម៉ងជាច្រើននាក់ដែលកំពុងតម្លើងគ្រឿងម៉ាស៊ីនមកពី Krones ដែលជាក្រុមហ៊ុនដ៏ល្បី និងវ័យចំណាស់មួយក្នុងផ្នែកឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈ ហើយជាដៃគូពាណិជ្ជកម្មរបស់ ខ្មែរ ប៊ែវើរីជីស តាំងពី ខ្មែរ ប៊ែវើរីជីស ចាប់បើកដំណើរការរោងចក្រដំបូង។ 

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស មិនស្ទាក់ស្ទើរនោះឡើយនៅក្នុងការវិនិយោគទៅលើធនធានមនុស្ស និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីអភិវឌ្ឍគុណភាពផលិតផល និងកេរ្ដិ៍ឈ្មោះរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ជាក់ស្ដែង បច្ចុប្បន្ន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានវិនិយោគរាប់រយលានដុល្លារ ក្នុងការនាំយកគ្រឿងចក្រ និងបច្ចេកវិទ្យាសំខាន់ៗពីក្រុមហ៊ុន Krones របស់ប្រទេសអាល្លឺម៉ង់ ១០០% សម្រាប់ដំណើរការផលិតកម្មនៅក្នុងរោងចក្រ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនៈកិច្ច ឯកឧត្តម Stefan Messerer បានមានប្រសាសន៍សរសើរពីការអនុវត្តផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការប្រើប្រាស់គ្រឿងចក្រខ្នាតធំ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់អាល្លឺម៉ង ជាពិសេសការប្តេជ្ញាចិត្តអនុវត្តយុទ្ធសាស្ត្រនិរន្តភាពដែលគិតគូរពីបរិស្ថាន ដូចទៅនឹងការអនុវត្តរោងចក្រស្តង់ដានៅប្រទេសអាល្លឺម៉ង ដែលដើរតួជាគំរូដល់រោងចក្រផ្សេងទៀតនៅកម្ពុជា។ 

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែបើកទ្វារស្វាគមន៍ចំពោះសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានចូលមកទស្សនៈកិច្ចមិនក្រោម ១ម៉ឺននាក់ ឡើយ ក្នុង១ឆ្នាំ។  អ្វីដែល កាន់តែគួរកោតស្ងប់ស្ងែង ក្នុងនាមជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបំបែកកំណត់ត្រាទទួលបានមេដាយមាសច្រើនជាងគេនៅកម្ពុជា ចំនួន ៣៣គ្រឿង ពីស្ថាប័នអន្តរជាតិ Monde Selection, ពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក ឬហៅថា World Class Operation Management ពីស្ថាប័នអន្តរជាតិ, វិញ្ញាបនបត្រស្តង់ ISO 14001 បញ្ជាក់ពីស្តង់ដារគ្រប់គ្រងបរិស្ថាន និងវិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីស្តង់ដារគ្រប់គ្រងគុណភាព ថែមទៀតផង៕