(ប៊ុយនុសអ៊ែរ)៖ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni ដែលបានឈ្នះពានរង្វាន់ World Cup ឆ្នាំ២០២២ នោះ បានលើកឡើងថា លោកកំពុងពិចារណាក្នុងការលាលែងចេញពីតំណែង បន្ទាប់ពីចំណាយពេល ៥ឆ្នាំក្នុងតួនាទី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Scaloni បានប្រកាសព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បន្ទាប់ពីក្រុមពពកសអាហ្សង់ទីន ទទួលបានជ័យជម្នះ ១-០ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ លើក្រុមម្ចាស់ផ្ទះសាំបាប្រេស៊ីលនៅទីក្រុង Rio de Janeiro នាថ្ងៃអង្គារ។

បុរសវ័យ ៤៥ឆ្នាំរូបនេះ ក៏បានដឹកនាំអាហ្សង់ទីន ឈ្នះជើងឯកពានប្រចាំតំបន់អាមេរិកឡាទីន Copa America ក្នុងឆ្នាំ២០២១ មុនពេលពួកគេដណ្តើមបានជើងឯក World Cup ក្នុងប្រទេសកាតា កាលពីឆ្នាំមុនផងដែរ។

«អាហ្សង់ទីន ត្រូវការគ្រូបង្វឹកដែលមានថាមពលទាំងអស់ដែលអាចធ្វើបាន និងគ្រូបង្វឹកដែលល្អ»។ នេះបើតាមសម្តី លោក Scaloni។

លោកបន្តថា «វាមិនមែនជាការលាគ្នា ឬក៏អ្វីនោះទេ ប៉ុន្តែខ្ញុំចាំបាច់ត្រូវគិត ដោយសារតែវាស្មុគស្មាញ ដើម្បីរក្សាដំណើរការទៅមុខ ហើយវាពិតជាស្មុគស្មាញ ក្នុងការរក្សាកំណត់ត្រាឈ្នះ។ ទាំងនេះពិតជាលំបាក ដូច្នេះខ្ញុំចាំបាច់ត្រូវគិតអំពីវា ក្នុងពេលនេះ។ ខ្ញុំនឹងជជែកជាមួយប្រធាន FA និងកីឡាករតាមក្រោយទៀត»

នៅចាំបានថា លោក Scaloni បានស្នងតំណែងពីលោក Jorge Sampaoli ជាអ្នកចាត់ការក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីបានធ្វើជាអ្នកចាត់ការរយៈពេលខ្លីនៃក្រុមជម្រើសជាតិឈុត U-20៕